កូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាទ្រង់ទ្រាយធំនៅថ្ងៃទី២  សម្រាប់កោះដុកដូ (Dokdo)  

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ — កងទ័ពជើងទឹកបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានធ្វើសមយុទ្ធយោធា​ដែលបាន​ពង្រីកនៅលើ និងជុំវិញប្រជុំកោះតូចៗនៅភាគខាងកើតបំផុតនៃកោះដុកដូរបស់ខ្លួន​ នៅ​សមុទ្រ​​ខាងកើតសម្រាប់ថ្ងៃទី២ និងជាថ្ងៃចុងក្រោយនៃថ្ងៃចន្ទនេះ ចំពេលមានភាពតានតឹង​កាន់តែខ្លាំងឡើងជាមួយប្រទេសជប៉ុនជុំវិញបញ្ហាជម្លោះប្រវត្តិសាស្រ្ត និងពាណិជ្ជកម្ម។

ការធ្វើសមយុទ្ធទៀងទាត់រយៈពេល២ថ្ងៃនេះ  បានចាប់ផ្តើមធ្វើឡើងក្នុងទ្រង់ទ្រាយធំ​បំផុតដែលមិនធ្លាប់មានកាលពីថ្ងៃអាទិត្យ ដែលពាក់ព័ន្ធនឹងសេវាកម្មប្រដាប់អាវុធទាំងបី​ មាន​ដូច​ជា​កងម៉ារីន និងឆ្មាំសមុទ្រ ក្នុងសញ្ញាមួយដែលបង្ហាញថា ទីក្រុងសេអ៊ូលកំពុងប្រកាន់​ជំហររឹងមាំលើខ្សែបន្ទាត់នេះកាន់តែស៊ីជម្រៅជាមួយប្រទេសជប៉ុន។ ។

សមយុទ្ធប្រចាំឆ្នាំដែលបានចាប់ផ្តើមនៅឆ្នាំ១៩៨៦ ជាធម្មតាត្រូវបានធ្វើឡើងនៅខែ​មិថុនា និងខែធ្នូ ប៉ុន្តែសមយុទ្ធនៅឆ្នាំនេះ ត្រូវបានរុញច្រានមកវិញដោយមានការព្រួយបារម្ភថា ​ពួកគេអាចធ្វើឱ្យតានតឹងកាន់តែខ្លាំងឡើងជាមួយទីក្រុងតូក្យូ។

ប្រទេសជប៉ុនដែលបានទាមទារយកទឹកដីនៅកោះដុកដូ បានធ្វើការតវ៉ាចំពោះ​សមយុទ្ធ​​នេះ។ ការចាប់ផ្តើមសមយុទ្ធនេះ ប្រទេសកូរ៉េខាងត្បូងបានដាក់ឈ្មោះថ្មីថា « លំហាត់ការពារ​ដែន​សមុទ្រខាងកើត » ជំនួសឱ្យឈ្មោះមុននៃសមយុទ្ធការពារដុកដូ ដែលឆ្លុះបញ្ចាំងពី «សារៈ​សំខាន់ និងទំហំនៃសមយុទ្ធនេះដែលមានគោលបំណងពង្រឹងការប្តេជ្ញាចិត្តបន្ថែមទៀត  ដើម្បី​ការពារទឹកដីរបស់យើងនៅសមុទ្រខាងកើតក្នុងនោះមានកោះដុកដូផងដែរ » ។

សមយុទ្ធនេះ ក៏បានកើតឡើងផងដែរបន្ទាប់ពីយន្តហោះចម្បាំងរបស់រុស្ស៊ី បានរំលោភ​លើដែនអាកាសកូរ៉េនៅលើកោះតូចៗកាលពីខែមុន។

កាលពីថ្ងៃអាទិត្យយោធាបានកេណ្ឌនាវាកងទ័ពជើងទឹកចំនួន ១០គ្រឿង​ក្នុងនោះមាន​នាវាពិឃាតបំពាក់ដោយបរិក្ខាគាំទ្រប្រមាណ ៧៦០០តោន ដែលមានឈ្មោះថា សេជុងហ្គ្រេន (Sejong the Great) ជាលើកដំបូង និងយន្តហោះចម្បាំង ១០គ្រឿងមានដូចជា F-15Ks។ យោងតាមកងទ័ពជើងទឹកបានឱ្យដឹងថា ចំនួននៃកងកម្លាំងប្រដាប់អាវុធដែលបានចូលរួមមាន​ចំនួនជិតទ្វេដងនៅពេលនេះ។

ដោយមានការត្អូញត្អែរយ៉ាងខ្លាំងនោះ ជប៉ុនបានអំពាវនាវឱ្យកូរ៉េខាងត្បូងបញ្ឈប់​សមយុទ្ធនេះ ប៉ុន្តែទីក្រុងសេអ៊ូលបានច្រានចោលការអំពាវនាវបែបនេះ ហើយបានសន្យា​ឆ្លើយ​តប​យ៉ាងម៉ឺងម៉ាត់ ចំពោះការទាមទារទឹកដីខុសច្បាប់របស់ជប៉ុន ចំពោះកោះដុកដូ។

យោងតាមមន្ត្រីកងទ័ពជើងទឹក សមយុទ្ធនៅថ្ងៃច័ន្ទនឹងត្រូវដឹកនាំដោយឆ្មាំសមុទ្រ​ភាគខាងកើត។ កងទ័ពជើងទឹកនេះបានដឹកនាំកម្មវិធីកាលពីថ្ងៃអាទិត្យ។ សមយុទ្ធនេះ ត្រូវ​បាន​រំពឹងថា នឹងត្រូវបញ្ចប់នៅល្ងាចថ្ងៃនេះតាមការគ្រោងទុក។

ចំណងទាក់ទងរវាងទីក្រុងសេអ៊ូល-តូក្យូនាពេលថ្មីៗនេះ បានធ្លាក់ចុះដល់ចំណុចទាប​បំផុតមួយ ក្នុង   រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ បន្ទាប់ពីប្រទេសជប៉ុនបានដក​កូរ៉េខាង​ត្បូងចេញពីបញ្ជីនៃដៃគូពាណិជ្ជកម្មដែលគួរឱ្យទុកចិត្តរបស់ខ្លួនកាលពីដើមខែនេះ​ បន្ទាប់ពី​ការ​​ប្រកាសអំពីការរឹតបន្តឹងការនាំចេញកាលពីថ្ងៃទី៤ ខែកក្កដា ក្នុងការសងសឹកជាក់ស្តែង​ប្រឆាំង​នឹង​សេចក្តីសម្រេចរបស់តុលាការកំពូលទីក្រុងសេអ៊ូល ស្តីពីពលកម្មដោយបង្ខំក្នុង​សម័យសង្គ្រាម៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)