ឥណ្ឌូណេស៊ី: ឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងឆេះព្រៃ

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩​ — កងកម្លាំងពន្លត់អគ្គិភ័យនៃខេត្ត Riau នៃប្រទេសឥណ្ឌូណេស៊ី បានដាក់ពង្រាយឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះនៅភាគខាងត្បូងនៃខេត្តមួយនៅលើកោះស៊ូម៉ាត្រា។

ឧទ្ធម្ភាគចក្រទាំងនោះកំណត់អាទិភាពក្នុងការបំផ្ទុះសំណុំទឹកនៅលើស្រុក Palalawan ស្រុក Indragiri Hulu និងស្រុក Indragiri Hilir ដែលជាកន្លែងដែលភ្លើងឆេះព្រៃជាច្រើនកំពុងបន្ត និងបង្កឱ្យមានអ័ព្ទព័ទ្ធជុំវិញរដ្ឋធានី Pekanbaru នៃខេត្ត Riau ។

ភាពកង្វះទឹកដោយសារប្រភពស្ងួតក្នុងកំឡុងពេលរាំងស្ងួតខ្លាំង និងខ្យល់បក់ខ្លាំង គឺជាឧបសគ្គដ៏ខ្លាំងដែលរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃនេះ។

ទិន្នន័យដែលបានមកពីក្រសួងកិច្ចការបរិស្ថាន និងព្រៃឈើរបស់ឥណ្ឌូណេស៊ីបានបង្ហាញថា ផ្ទៃដីព្រៃជាង ៣ម៉ឺនហិកតាត្រូវបានបំផ្លាញដោយសារអគ្គិភ័យចាប់តាំងពីខែមករា ឆ្នាំនេះ។

កាលពីថ្ងៃទី ២៤ ខែសីហា ស្ថានីយឧតុនិយមអាកាសធាតុ និងភូគព្ភសាស្ត្ររូបវិទ្យា (BMKG) របស់ប្រទេសឥណ្ឌូណេស៊ី នៅរដ្ឋធានី Pekanbaru ខេត្ត Riau បានបញ្ជាក់ថា ចំណុចតូចៗចំនួន ៥៨៤កន្លែងដែលមានភ្លើងឆេះព្រៃឈើត្រូវបានគេប្រទះឃើញនៅលើកោះស៊ូម៉ាត្រា។

ក្នុងចំណោមចំនួនសរុប ចំណុចចំនួន ២៧២កន្លែងដែលមានភ្លើងឆេះត្រូវបានគេប្រទះឃើញនៅក្នុងខេត្ត Riau ដែលស្មើនឹងជាង ២ដងបើប្រៀបធៀបទៅនឹងចំណុចចំនួន ១១២កន្លែងដែលបានប្រទះឃើញកាលពីថ្ងៃមុន។

ភាពមើលឃើញនៅក្នុងទីក្រុង Pekanbaru ត្រូវបានកាត់បន្ថយមកនៅត្រឹម ១,៥គីឡូម៉ែត្រ កាលពីម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី ២៤ ខែសីហា ដោយសារផ្សែងអ័ព្ទចេញពីភ្លើងឆេះព្រៃនៅស្រុក Pelalawan ។ អ្នកស្រុកក្នុងតំបន់ Pekanbaru បានពាក់ម៉ាសបិទមុខ ខណៈដែលមានខ្យល់ចេញចូលក្រៅផ្ទះ ដោយសារគុណភាពខ្យល់នៅក្នុងទីក្រុងនៅតែស្ថិតក្នុងកម្រិតមិនល្អនៅឡើយ។

ភ្លើងឆេះព្រៃបានកើតឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ីនៅរៀងរាល់រដូវប្រាំង ដោយសារការដុតបំផ្លាញបែបប្រពៃណីក្នុងវិស័យកសិកម្ម។ កាលពីឆ្នាំ ២០១៥ ផលប៉ះពាល់នៃភ្លើងឆេះបានឈានដល់កម្រិតមួយដែលវាមិនអាចគ្រប់គ្រងបាន និងមានអ័ព្ទយ៉ាងសន្ធឹកសន្ធាប់ដែលកើតចេញពីអគ្គិភ័យដែលរាលដាលដល់ប្រទេសជិតខាងទៀតផង៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)