ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារ ស៊ិនជូររីផ្លាហ្សាសម្រេចទទួលយកគម្រោងអភិវឌ្ឍន៍សង់ផ្សារថ្មី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ក្រុមអាជីករលក់ដូរតាមដងផ្លូវក្នុងផ្សារ ស៊ិនជូររីផ្លាហ្សា សម្រេចទទួលយកគម្រោង
អភិវឌ្ឍន៍សង់ផ្សារថ្មីហើយ បានសូមគោរពនិងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានជួយដល់ស្រាយដល់ក្រុមអាជីវករបានយ៉ាងសមស្រប ។
លោក សៀន ថាស៊ីន តំណាងអាជីវករ បាន បញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានជួយដោះស្រាយជូនអាជីវករទាំងអស់នៅផ្សារស៊ិនជូររីផ្លាហ្សាទាំងមូលដោយរក្សាការពារទីតាំងលក់ដូរជូនអាជីវករ ព្រមទាំងបង្កើតនូវ ទីតាំងលក់ដូរថ្មីបែបទំនើប ដើម្បីប្រែពីផ្សារធម្មតាទៅជាផ្សារដែលមានបរិយាកាសល្អ មានផាសុខភាពដល់អាជីវករ ពិសេសបានជួយសម្រួលមួយផ្នែកធំនៃការលក់ដូរនៅទីតាំងនេះផ្ទាល់។ លោកបញ្ជាក់ថា ការអភិវឌ្ឍផ្សារនេះនឹងធ្វើឲ្យពួកគេកាត់តែទទួលបានផលចំណេញជា ច្រើន ទំាងផ្នែកសុខភាព និងការលក់ដូរមានសណ្តាប់ធ្នាប់អាចទាក់ទាញអតិថិជនមកកាន់ផ្សារ នេះបានកាន់តែច្រើន។
គួរំលឹកថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនអាជីវករ លក់ដូនៅផ្សារសិនជូរីផ្លាហ្សាយ៉ាងយកចិត្តទុក្ខដាក់ជាទីបំផុត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់ អោយមានទីតាំងលក់បន្តទៀត ទោះបីផ្សារនេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ។
ក្នុងនោះលោក កែវ ជឺឃាង ប្រធានផ្នែកទៅផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សា បានអោយដឹងថា ចំពោះអ្នកលក់នៅផ្សាររដ្ឋ និងផ្សារឯកជន កំពុងលក់ដូរបច្ចុប្បន្ន ក្រុមហ៊ុននឹងប្រគល់តូបជូន ទៅតាមចំនួនតូបដែលគាត់មាន ។
លោកបន្តថា នៅពេលខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការសាងសង់ តែអាជីវករត្រូវប្តូរមកលក់បណ្តោះអាស្នននៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច។ ចំពោះការមកលក់នៅលើសួនកុមារខាងមុខផ្សារគឺក្រុមហ៊ុនសង់តំបូល និងរៀបចំអោយដោយឥតគិតថ្លៃ។
សូមបញ្ជាក់ថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋនិងឯកជនចំនួន៦៧០តូប ដោយឡែកអ្នកលក់នៅតាមទ្រូងផ្លូវថ្នល់មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមានចំនួន២០៨កន្លែង៕