សិក្ខាសាលាដើម្បីគ្រប់គ្រងការនាំចេញនាំចូលវត្ថុសិល្បៈ​

AKP សៀមរាប ថ្ងៃទី​​២៤ ខែសីហា ឆ្នាំ២០១៩ — សិក្ខាសាលាស្តីពីការគ្រប់គ្រងការនាំចេញនាំចូលវត្ថុសិល្បៈត្រូវ​បានប្រារព្ធឡើងកាលពីថ្ងៃ៨រោចខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ខែសីហាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវ ស៊ុន សុវណ្ណនី សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក កម្លាំងសមត្ថកិច្ច កម្លាំងប្រដាប់អាវុធ និងស្ថាប័ពាក់ព័ន្ធ រួមទាំងបងប្អូនជាអាជីវករប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ និងម្ចាស់សិប្បកម្មវត្ថុសិល្បៈ ប្រមាណ១៧០នាក់ចូលរួម។

សិក្ខាសាលានេះ មានគោលបំណងត្រួតពិនិត្យនិងគ្រប់គ្រងការធ្វើអាជីវកម្មវត្ថុសិល្បៈ ទប់ស្កាត់ លួចបន្លំការនាំចេញ នាំចូលវត្ថុបុរាណដោយខុសច្បាប់ និង គោលដៅកំណត់អំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំការកំណត់កម្រៃសេវារដ្ឋបាលសមត្ថកិច្ចក្នុងការពិនិត្យ និងផ្តល់លិខិតអនុញ្ញាត ការនាំចេញវត្ថុសិល្បៈទៅបរទេស។

មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលានោះ លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានបញ្ជាក់ថា អង្គសិក្ខាសាលានេះ គឺដើមី្បឱ្យស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹងនិងបញ្ហាប្រឈមនានា ក្នុងការរកដំណោះស្រាយរួមគ្នា ក្នុងការអនុវត្តន៍នូវបទដ្ឋានគតិយុត្តផ្សេងៗ លើការធ្វើអាជីវកម្ម ក៏ដូចសិប្បកម្មវត្ថុសិល្បៈ និងផ្តល់នូវមតិយោបល់ពិភាក្សា ដោយបើកចំហអំពីហេតុផលប៉ះពាល់ក្នុងការប្រកាសស្តីពីការគ្រប់គ្រងការនាំចេញនាំចូលវត្ថុសិល្បៈ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលជាប្រធានបទនិងអនុសាសន៍ផ្សេងៗដើមី្បផលប្រយោជន៍ក្នុងការការពារ អភិរក្សវត្ថុបុរាណ ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិរបស់យើងទាំងអស់គ្នា។

រី​ឯលោកជំទាវ យូ សុភា ក៏បានមានប្រសាសន៍ឱ្យដឹងនាឱកាសនោះដែរថា ស្ថិតក្នុងដំណាក់កាលប្រទេសមានសុខសន្តិភាពពេញបរិបូរណ៌ ពុំមានន័យថា សម្បត្តិបេតិកភណ្ឌវប្បធម៌មានសុវត្ថិភាពនោះទេ  ដរាបណាវត្ថុសិល្បះទាំងអស់នោះពុំទាន់ទទួលបានកិច្ចគាំពារ ថែរក្សានិងគ្រប់គ្រង ការនាំចេញវត្ថុសិល្បៈដោយមានកិច្ចសហការពេញលេញ ត្រឹមត្រូវពីសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដូចលោកប្រធានមន្ទីរលើកឡើង។

ដោយលោកជំទាវបានបញ្ជាក់ថា កម្ពុជាបានផ្ទុកនូវសម្បត្តិវប្បធម៌ដ៏ចំណាស់ និងបានឆ្លងកាត់នូវវិនាសសកម្មដ៏សែនខ្លោចផ្សារយៈពេលជាច្រើនទសវត្ស សំខាន់សង្គ្រាមស៊ីវិលជាងបីទសវត្សមកនេះ ហើយមិនត្រឹមតែជីវិតមនុស្សបាត់បង់នោះទេ សម្បត្តិវប្បធម៌ក៏បានបាត់បង់ជាច្រើនអនេកផងដែរ។ ដូច្នេះលោកជំទាវសង្ឃឹមជឿជាក់ថា សិក្ខាសាលានេះ ជាផ្នែកមួយដ៏សំខាន់ដើមី្បចូលរួមក្នុងកិច្ចរឹះរកវិធីសាស្ត្រ ដើមី្បទប់ស្កាត់ការនាំចេញវត្ថុសិល្បះនិងវត្ថុបុរាណខុសច្បាប់។ឯកឧត្តម ជុច ភឿន បានមានប្រសាសន៍អោយដឹងដែរថាបច្ចុប្បន្ននេះមានលំហូរចូលវត្ថុសិល្បះពីបរទេស និងវត្ថុសិល្បះផលិតថ្មីៗ និងចម្លងពីក្រៅប្រទេស ដាក់ធ្វើចរាចរណ៍នៅតាមទីផ្សារកម្ពុជាយើង ដែលកត្តាទាំងនេះហើយ ដែលធ្វើឱ្យប៉ះពាល់ដល់បងប្អូនសិល្បករ និង សិប្បកម្មលក្ខណៈគ្រួសារ ពិសេសធ្វើឱ្យបាត់បង់ នូវទំនុកចិត្តពីអតិថិជននិងភ្ញៀវទេសចរណ៍ សំខាន់នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ជាតិ។

ឯកឧត្តម ជុច ភឿន បានមានប្រសាសន៍ទៀតថា​​ ដើមី្បទប់ស្កាត់ ការពារវត្ថុបុរាណ និង ស្ថានីយ៍បុរាណ ដែលជាកេរ្តិ៍ដំណែលរបស់បុព្វបុរសនិងជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សិក្ខាសាលានេះនឹងស្វែងរកដំណោះស្រាយរួមគ្នា គ្រប់គ្រងថែរក្សា ការពារនិងអភិរក្សឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ៕

ដោយ ហង្ស សៀក