ខណ្ឌជលផលខេត្តនិងវិទ្យាស្ថានស្រាវជ្រាវនៃរដ្ឋបាលជលផលរៀបចំយន្តការកំណត់ទិន្ន័យ ប្រភេទត្រីនៅទន្លេមេគង្គលើ

វិទ្យុជាតិ កម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង

M.C ខណ្ឌជលផលខេត្តស្ទឹងត្រែង និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋ បាលជលផលរៀបយន្តការកំណត់ទិន្ន័យប្រភេទត្រីនៅទន្លេមេគង្គលើ ដោយតម្រូវឱ្យប្រជាអ្នកនេសាទក្នុងសហគមន៍ចំនួន៤០នៅខេត្តស្ទឹងត្រែងធ្វើកំណត់ត្រាត្រី ចាប់ទៅតាមលក្ខណៈបច្ចេកទេស។
ក្នុងវគ្គបណ្តុះបណ្តាលអ្នកនេសាទស្ដីពីការតាមដាន ផលចាប់និងកត់ត្រាទិន្ន័យប្រភេទត្រីនៅសណ្ឋាគារអង្គមាសខេត្តស្ទឹងត្រែង លោកទំ នីរ៉ូ នាយខណ្ឌជលផលខេត្តបានបញ្ជាក់ថា៖ គោលបំណងនេះ យើងនិងរកឱ្យឃើញពីការវិវត្តន៍ឡើងរបស់ធនធានមច្ឆជាតិនៅទន្លេមេគង្គលើ បន្ទាប់ពីក្រុមការងារពាក់ព័ន្ធបានខិតខំអភិរក្សក្នុងរដូវបិទនេសាទឱ្យដឹងពីបរិមាណកើនឡើងបែបណា។ លោកបន្តថា៖ជំហ៊ានទី១យើងចង់ដឹងនៅពួកត្រីប្រភេទតូចៗជាមុនសិន ទើបយើងឈានទៅស្រាវជ្រាវ ពពួក ត្រីត្រសក់-ត្រីរាជ-ត្រីគល់រាំង-ត្រីខ្លា-ដែលជាពពួកត្រីស្ថិតនៅក្នុងការគម្រាមកំហែងបន្ថែមទៀត។
(សម្លេង)ជារួមយើងចង់ដឹងទិន្ន័យជាក់លាក់ មួយទៅលើប្រភេទត្រីក៍ដូចជាបរិមាណត្រី នៅទន្ល
មេគង្គខេត្តស្ទឹងត្រែងរបស់យើងជាកំណត់ត្រា ប្រើប្រាស់ជាប្រយោជន៍សម្រាប់ការសិក្សា ឬការស្រាវជ្រាវ ឬនិយាយជារួមឱ្យដឹងថាតើត្រីនៅខេត្តស្ទឹងត្រែងមានកំណើនឡើងប៉ុណ្ណាឬថយចុះប៉ុណ្ណាតាមរយៈការកត់ត្រានេះ ។
លោកឌឿងសីហា អ្នកនេសាទមកពីភូមិ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង បានគាំទ្រចំពោះយន្តការនេះ ព្រោះច្រើនឆ្នាំកន្លងមក មិនដែលបានធ្វើបរិមាណមច្ឆជាតិទេ ហើយក៍មិនដែលដឹងថា ទន្លេមេគង្គលើ មានពូជត្រីសំខាន់ នៅសេសសល់ប៉ុន្មានប្រភេទដែរ។លោកអះអាងថា៖ឆ្នាំនេះប្រជាសហគមន៍នេសាទ បានសហការជាមួយក្រុមឆ្នាំ និងមន្ត្រីជលផលធ្វើល្បាតយ៉ាងសកម្ម ព្រោះតែការអភិរក្សពូជត្រី។
(សម្លេង)វាមានច្រើនប្រភេទ ដូចជាត្រីមេពូជយើងត្រូវការអភិរក្សវា ដូចជា ត្រីក្អែក ត្រីព្រួល ជាពិសេសត្រីប៉ាសេអ៊ី ភាគច្រើនភ្ញៀវមកពីឆ្ងាយ ជិត តែងចង់ ភ្លក់មើលរស់ជាតិត្រីប៉ាសេអី។
លោកស៊ឿងណាង មន្ត្រីវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលបានគាំទ្រចំពោះការយល់ដឹងនេះ ហើយសង្ឃឹមថាប្រជាអ្នកនេសាទគ្រប់គ្នា ចូលរួមគោរពច្បាប់ជលផលនិងបន្តកិច្ចសហការជាមួយសមត្ថកិច្ច ប្រឹងប្រែងចុះល្បាតដើម្បីបង្កើនការអភិរក្សធនធានមច្ឆជាតិឱ្យសម្បូរបែបឡើងវិញ។
(សម្លេង)ចង់ឱ្យបងៗនៅក្នុងសហគមន៍នេសាទ សហការជាមួយជលផលនិងប៉ូលីស នៅក្នុងមូលដ្ឋាន ដើម្បី ទប់ស្កាត់ បទល្មើស ហើយ បើសិនជាឃើញជនខិលខូចមួយចំនួន យើងត្រូវចាប់ហើយធ្វើ កំណត់ហេតុដើម្បីយកទៅតុលាការ ។
សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលអ្នកនេសាទស្ដីពីការតាមដាន ផលចាប់ និងកត់ត្រាទិន្ន័យនេះវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផលតម្រូវឱ្យអនុវត្តចាប់ពីប្រភេទត្រីរៀលអង្កាមមានលេខកូដ(F01)ឡើងទៅរហូតដល់ត្រីក្រោសក្រហមមានលេខកូដ(F99)ដែលមានរស់នៅក្នុងបឹងនិងទន្លេមេគង្គផងដែរ៕