រាជរដ្ឋាភិបាលគ្រោងបង្កើនសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុក្នុងរង្វង់១០ឆ្នាំខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលគ្រោងបង្កើនសមត្ថភាពស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្រុងព្រះសីហនុឲ្យដល់៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ នៅក្នុងរង្វង់១០ឆ្នាំខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍដ៏ឆាប់រហ័ស ជាមួយនិងកំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផែនការមេ បានបែងចែកផ្ទៃប្រមូលទឹកកខ្វក់ចំនួន៨ ដោយត្រូវសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៤ និងការសាងសង់បណ្តាញលូមេប្រវែង១៥៧គីឡូម៉ែត្រ បណ្តាញលូមេរងប្រវែង៦៥គីឡូម៉ែត្រ និងបណ្តាញលូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែង២១០គីឡូម៉ែត្រ។

ថ្លែងក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការរៀបចំផែនការមេ និងការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់នៅទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែសីហានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ក្នុងរវាងឆ្នាំ២០១៩-២០២១ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់១ នឹងត្រូវសាងសង់ជាមួយនឹងសមត្ថភាពធ្វើប្រព្រឹត្តកម្មបាន៤ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ព្រមទាំងរៀបចំស្ថានីយបូមបញ្ជួនទឹកកខ្វក់៦កន្លែង និងលូមេតាមបណ្តោយឆ្នេរសមុទ្រ៤៥គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម៤៧គីឡូម៉ែត្រ។ ចំណែកចន្លោះពីឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ ខណៈចន្លោះពីឆ្នាំ២០២៣-២០៣០ ស្ថានីយអាចនឹងពង្រីកសម្ថភាពប្រព្រឹត្តកម្មដល់៦ម៉ឺនម៉ែត្រគូប ឬ៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។ ឯកឧត្តម បន្តថា គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកាសរុបជាង១៧០លានដុល្លារអាមេរិក។

យោងតាមសេចក្តីព្រាងផែនការមេដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន បរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា ប្រព័ន្ធទឹកកខ្វក់ដែលមានស្រាប់ក្នុងទីក្រុងព្រះសីហនុ ត្រូវបានរៀបចំសាងសង់ និងដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០០៦ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី គ្រប់ដណ្តប់លើសង្កាត់លេខ១ សង្កាត់លេខ២ និងសង្កាត់លេខ៤ ដែល​តំបន់សេវាមានជាង២០០ហិកតា​ហើយស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ស្ថិតនៅទិសអាគ្នេយ៍​នៃឆ្នេរអូឈើទាល​ដែលមាន​ផ្ទៃដីចំនួនជាង១៦ហិកតា មានសមត្ថភាពធ្វើប្រព្រឹត្តកម្មបានតែ៦.៩០០ម៉ែត្រគូប ក្នុងមួយថ្ងៃប៉ុណ្ណោះ និងមានបណ្តាញលូ​ទឹកកខ្វក់ប្រវែងជិត៦៦គីឡូម៉ែត្រ ក្នុងនោះមានលូមេប្រវែង៧,៥គីឡូម៉ែត្រ ដោយចំណាយទុនវិនយោគអស់ប្រមាណជាង១១លានដុល្លារអាមេរិក៕