ធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវគោលនយោបាយរូបិយវត្ថុចំនួន៥ចំណុចគាំទ្រដល់វិស័យហិរញ្ញវត្ថុកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ហាន់ ស្រីណា

ភ្នំពេញ: ធនាគារជាតិនៃកម្ពុជាដាក់ចេញនូវគោលនយោបាយរូបិយវត្ថុចំនូន៥ចំណុចដើម្បីបន្តរក្សានូវគុណភាពថ្លៃ​​និង​គាំទ្រដល់​​កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។

យោងតាមបានចេញសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាចេញថ្ងៃទី២១ខែសីហាឆ្នាំ២០១៩បានអោយដឹងថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានពិភាក្សាលើបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក​និងបញ្ហា​ប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាព្រមទាំងគោលនយោបាយរូបិយវត្ថុសម្រាប់អនុវត្តនាគ្រាខាងមុខ ។

សេចក្តីជូនដំណឹងបញ្ជក់ទៀតថា អនុវត្តគោលនយោបាយរូបិយវត្ថុ៥ចំណុច មានទី១.បន្តរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ប្រកាន់​យក​របបអត្រាប្ដូរប្រាក់ដែលមានស្ថិរភាព តាមរយៈការធ្វើអន្ដរាគមន៍ផ្អែកលើការប្រែប្រួលនៃទីផ្សារ២. បន្តរក្សាការផ្គត់​ផ្គង់សន្ទនីយភាព​ជាប្រាក់រៀល សម្រាប់បំពេញតម្រូវការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ៣.ដាក់ឲ្យអនុវត្តឧបករណ៍​​ផ្ដល់​សន្ទនីយភាព​រយៈពេលខ្លី (MLF) នៅត្រីមាសទី៤ ឆ្នាំ២០១៩នេះ ៤.បន្ដលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយតាមរយៈការបង្កើនការយល់ដឹងរបស់សាធារណជនពីសារៈសំខាន់និងតួនាទីប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនិងសង្គម និងទី៥.ពង្រឹងការអនុវត្តប្រកាសរបស់ធនាគារជាតិនៃកម្ពុជាស្ដីពីការតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានប្រាក់កម្ចីយ៉ាងហោច១០%ជាប្រាក់រៀល នៅដំណាច់ឆ្នាំ២០១៩នេះ ។

សេចក្តីជូនដំណឹងបញ្ជាក់ថា ការដាក់ឲ្យអនុវត្តនូវ​គោលនយោបាយ៥ចំណុចនេះដាច់ចេញឡើងដើម្បីទ្រទ្រង់វិស័យហិរញ្ញ​វត្ថុនៅកម្ពុជា​ក្នុង​​គោលបំណងសម្រេច​ឲ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំផ្អែកទៅលើយន្តការទីផ្សារ៕