ឯកអគ្គរាជទូតជប៉ុនបង្ហាញពីភាពអាឡោះអាល័យនៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី

ភ្នំពេញ៖ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញពីភាពអាឡោះអាល័យនៅកម្ពុជា ក្នុងគ្រាដែលឯកឧត្តម និងភរិយាចប់ភារកិច្ចការទូតនៅកម្ពុជា ហើយវិលត្រឡប់ទៅប្រទេសដើមកំណើតវិញ ដើម្បីរង់ចាំការផ្តល់ភារកិច្ចថ្មី។

សាររបស់ឯកឧត្តម ឯកអគ្គរាជទូត ជូនចំពោះប្រជាជនកម្ពុជា នាឱកាសបញ្ចប់បេសកម្មនៅកម្ពុជា នៅថ្ងៃទី២៣ ខែសីហានេះ បានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សោកស្តាយបន្តិច ដែលជម្រាបជូនថា នេះជាសារចុងក្រោយរបស់ខ្ញុំក្នុងឋានៈជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ពេលវេលាពិតជាដើរលឿន។ ប្រមាណ៣ឆ្នាំកន្លងផុតទៅ ក្រោយពេលខ្ញុំ និងភរិយាបានមកដល់រាជធានីភ្នំពេញ នាឆ្នាំ២០១៦។ ៣ឆ្នាំនេះ គឺជាពេលវេលាដ៏វិសេសវិសាលសម្រាប់យើងខ្ញុំទាំងពីរ។ ប្រទេសកម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ៧ភាគរយជារៀងរាល់ឆ្នាំ ហើយទំនាក់ទំនងទ្វេភាគីរវាងជប៉ុន និងកម្ពុជា ក៏មានសន្ទុះឈានទៅមុខយ៉ាងខ្លាំងផងដែរ។ ទាំងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគផ្ទាល់ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចនានា ក៏មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានចូលរួមពិធីសម្ពោធផ្សេងៗ នៃគម្រោងជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន ដែលជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសយើងទាំងពីដូចជាការជួសជុលស្ពានជ្រោយចង្វារជាដើម»។
ឯកឧត្តម បន្តថា ឯកឧត្តម និងភរិយា នឹងចាកចេញពីទីក្រុងភ្នំពេញសប្តាហ៍ក្រោយនេះ ក៏ប៉ុន្តែសម្រស់នៃប្រទេសកម្ពុជាបានផ្តល់ក្តីស្រមៃដល់ឯកឧត្តម និងភរិយា នឹងត្រឡប់មកកាន់ទឹកដីដ៏អស្ចារ្យនេះជាថ្មីនាថ្ងៃអនាគត។ រាជធានីភ្នំពេញ នឹងប្រែមុខមាត់ថ្មីនៅប៉ុន្មានឆ្នាំខាងមុខ ជាមួយនឹងព្រលានយន្តហោះថ្មី អគារខ្ពស់ៗជាច្រើន ព្រមទាំងប្រព័ន្ធដឹកជញ្ជូនសាធារណៈថ្មី។ ព្រមជាមួយគ្នានេះ ក៏អាចនឹងមានឱកាសសាជាថ្មីដើម្បីនិយាយភាសាខ្មែរ។
ឯកឧត្តម ក៏បានបង្ហាញការសប្បាយចិត្តចំពោះវត្តមានរបស់ឯកឧត្តមនៅកម្ពុជាដែលជំរុញឲ្យមានទំនាក់ទំនងវិស័យនយោបាយកម្រិតកំពូលរវាងឯកឧត្តមនាយករដ្ឋមន្ត្រី អាបេ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន៣លើក ក្នុងរយៈពេល៣ឆ្នាំកន្លងទៅនេះ និងសប្បាយរីករាយដែលសម្តេចតេជោបានសម្រេចចិត្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ។
ឯកឧត្តម បញ្ជាក់ទៀតថា ប្រទេសជប៉ុនបាននឹងកំពុងចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈបន្តផ្តល់ជំនួយដល់កំណែទម្រង់ការបោះឆ្នោត និងបានចាប់ផ្តើមកម្មវិធីដើម្បីអញ្ជើញយុវជនកម្ពុជា ដែលមានចំណាប់អារម្មណ៍ផ្នែកនយោបាយមកពី ស្ថាប័ននានា ទៅស្វែងយល់ពីបទពិសោធន៍នៅប្រទេសជប៉ុន៕