វៀតណាម និងអាហ្រ្វិកខាងត្បូងព្រមព្រៀង រក្សាកិច្ចសន្ទនាគោលនយោបាយការពារជាតិ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩​ — ប្រទេសវៀតណាម និងអាហ្វ្រិកខាងត្បូងបានឯកភាពគ្នារក្សាកិច្ចសន្ទនាគោលនយោបាយការពារជាតិដែលពួកគេចាត់ទុកថា ជាយន្តការយុទ្ធសាស្ត្រដើម្បីជំរុញភាពជាដៃគូការពារជាតិទ្វេភាគី និងចំណងមិត្តភាព នឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ការព្រមព្រៀងនេះត្រូវបានធ្វើឡើងរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម នាយឧត្តមសេនីយ៍ Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិ និងអតីតយុទ្ធជនយោធាអាហ្វ្រិកខាងត្បូង លោកស្រី Nosiviwe Noluthando Mapisa-Hauakula ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងហាណូយកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ​២០១៩។

លោករដ្ឋមន្រ្តី Lich មានជំនឿថា ដំណើរទស្សនកិច្ចផ្លូវការរបស់អាហ្រ្វិកខាងត្បូងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០១៩នេះ នឹងជួយបង្កើតសន្ទុះថ្មីសម្រាប់ «ភាពជាដៃគូសម្រាប់កិច្ចសហប្រតិ-បត្តិការ និងការអភិវឌ្ឍ» រវាងវៀតណាម និងអាហ្វ្រិកខាងត្បូង។

សម្រាប់ភាគីអាហ្រ្វិកខាងត្បូង លោកស្រីរដ្ឋមន្រ្តីបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី គឺជាសកម្មភាពសំខាន់មួយដែលរួមចំណែកដល់ចំណងមិត្តភាព នឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ នឹងការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ និងក្នុងពិភពលោក។

រដ្ឋមន្រ្តីទាំងពីរបានឯកភាពខ្ពស់ទៅលើការវាយតម្លៃរួម នៃទំនាក់ទំនងការពារជាតិរវាងវៀតណាម និងអាហ្រ្វិកខាងត្បូងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្អែកលើកិច្ចព្រមព្រៀងស្តីពីចំណងមិត្តភាពការពារជាតិ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០៦ ។ ភាគីទាំងពីរបានរៀបចំកិច្ចសន្ទនា នឹងពិគ្រោះយោបល់ ការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក នឹងកិច្ចសហការនៅក្នុងវិស័យការពារជាតិ ឧស្សាហកម្ម ភ័ស្តុភារ និងវេជ្ជសាស្រ្តយោធា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)