កូរ៉េខាងត្បូងសម្រេចបញ្ចប់កិច្ចព្រមព្រៀងចែករំលែកការស៊ើបការណ៍យោធា ជាមួយប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖

អ្នកនាំពាក្យ កូរ៉េខាងត្បូងបាននិយាយ ថា រដ្ឋាភិបាលបានសម្រេចចិត្តលុបចោលនូវកិច្ចព្រមព្រៀងស្តីពីការចែករំលែកព័ត៌មានយោធាជាមួយប្រទេសជប៉ុន ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោក គីមយូហ្គូន (Kim You-geun,) អនុប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បានឲ្យដឹងថារដ្ឋាភិបាលបានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) (ជីសូមា) ជាមួយប្រទេសជប៉ុនដោយមើលឃើញថាជប៉ុនបានដកប្រទេសកូរ៉េខាងត្បូងចេញពីបញ្ជីសរបស់ខ្លួនដោយលើកឡើងពីបញ្ហាសន្តិសុខដែលបង្កឡើងដោយការមិនទុកចិត្តគ្នាបណ្តាលឱ្យមានការផ្លាស់ប្តូរ យ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខរវាងភាគីទាំងពីរ។ជាពិសេស ការរឹតបន្តឹងរបស់ជប៉ុនលើការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវវត្ថុធាតុដើម សំខាន់ៗក្នុងការផលិតបន្ទះឈីប បន្ទះអេក្រង់ទូរសព្ទ និងទូរទស្សន៍ ធ្វើឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្មបច្ចេកវិទ្យាកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងនិងជប៉ុនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង GOSMIA កាលពីខែវិច្ឆិកាឆ្នាំ ២០១៦ ដើម្បីចែករំលែកព័ត៌មានចារកម្មយោធាលើកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។ប្រសិនបើភាគីណាមួយចង់បញ្ចប់កិច្ចព្រមព្រៀងនេះត្រូវតែជូនដំណឹងទៅភាគីម្ខាងទៀតឲ្យបាន ៩០ ថ្ងៃមុនកាលកំណត់៕ ប្រភព៖ ភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ