ទីក្រុងហូជីមិញស្វែងរកកិច្ចសហប្រតិបត្តិការនៃការបន្ស៊ាំ នឹងបម្រែបម្រួលអាកាសធាតុជាមួយឥណ្ឌូណេស៊ី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩​ — លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានស្នើរួបរួមជាមួយឥណ្ឌូណេស៊ីក្នុងការបង្កើតបណ្តាញទីក្រុងបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុនៅអាស៊ីអាគ្នេយ៍ ដើម្បីចែករំលែកបទពិសោធន៍ និងធនធានក្នុងការដោះស្រាយបញ្ហាប្រឈមដែលបណ្តាលមកពីនគរូបនីយកម្ម នឹងការប្រែប្រួលអាកាសធាតុ។

លោក Nhan ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមបានធ្វើការសំណេះសំណាលនេះក្នុងអំឡុងពេល នៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងផែនការអភិវឌ្ឍជាតិ នៃប្រទេសឥណ្ឌូណេស៊ី និងវិទ្យាស្ថានតស៊ូជាតិ (NRI) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូ-ណេស៊ី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។

លោកបានកោតសរសើរចំពោះលទ្ធផលនៃផែនការសកម្មភាពក្នុងការដាក់ពង្រាយភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងឥណ្ឌូណេស៊ី សម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រជាជាតិទាំងពីរឆ្ពោះទៅពិធីរំលឹកខួបលើកទី១០ នៃភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីនៅឆ្នាំ ២០២៣ ខាងមុខ។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញរូបនេះបានស្នើថា ប្រទេសទាំងពីរគួរតែពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនដើម្បីការច្នៃប្រឌិត ការចាប់ផ្តើម នឹងការអភិវឌ្ឍទីក្រុងឆ្លាត។

ថ្នាក់ដឹកនាំឥណ្ឌូណេស៊ីបាននិយាយថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលើកនេះបានផ្តល់ឱកាសដល់ភាគីទាំងសងខាងដើម្បីចែករំលែកបញ្ហាប្រឈមនានា ដែលទីក្រុងហ្សាការតា និងទីក្រុងហូជី-មិញជួបប្រទះ ដូចជាការកកស្ទះចរាចរ បញ្ហាដី គ្រោះទឹកជំនន់ ការបំពុលបរិស្ថាន និងស្ថានភាពរស់នៅរបស់អ្នកស្រុក។

ដោយលើកឡើងអំពីគំនិតផ្តួចផ្តើមរបស់លោក Nhan ស្តីពីការបង្កើតបណ្តាញទីក្រុងបន្ស៊ាំនឹងបម្រែ បម្រួលអាកាសធាតុនៅអាស៊ីអាគ្នេយ៍ លោក Bambang Permadi Soemantri Brodjonegoro រដ្ឋមន្រ្តីក្រសួងផែនការជាតិឥណ្ឌូណេស៊ីបាននិយាយថា គំនិតនេះគួរតែផ្តោតទៅលើការដឹកជញ្ជូន ការបង្ការ នឹងការត្រួតពិនិត្យបញ្ហាគ្រោះទឹកជំនន់ និងបញ្ហាបរិស្ថាន៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)