អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំបាឋកថាអំពីសម័យមុនអង្គរនិងសម័យអង្គរ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា

MC៖អាជ្ញាធរជាតិអប្សរា គ្រោងរៀបចំបាឋកថា ស្ដីអំពីវប្បធម៌សំស្រ្កឹត និងការសិក្សានៅសម័យមុនអង្គរ និងសម័យអង្គរ ដើម្បីអោយកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីអក្សរសាស្រ្ត វប្បធម៌ និងប្រពៃណីជាតិ ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា បាឋកថានេះ នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នាវេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់ ដោយបណ្ឌិត ឆោម គន្ធា អ្នកជំនាញផ្នែកសិលាចារឹករបស់អាជ្ញាធរជាតិអប្សរា។
កម្ពុជាជារដ្ឋបុរាណមួយនៅអាស៊ីអាគ្នេយ៍ ដែលមានវប្បធម៌សំស្ក្រឹតរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ការរីកចម្រើននេះកើតមានបានដោយសារការផ្ទេរចំណេះពីមួយជំនាន់ទៅមួយជំនាន់មិនដាច់។
អាជ្ញាធរជាតិអប្សរា បានបន្តថា គោលបំណងរៀបចំបាឋកថា គឺដើម្បីអោយដឹងអំពីទិដ្ឋភាពចំនួនបួននៃការសិក្សា តាមបែបសំស្ក្រឹតនៅសម័យមុនអង្គរនិងសម័យអង្គរមានដូចជាមុខវិជ្ជា, គ្រូនិងសិស្ស, សាលា និងរបៀបរៀន៕