ក្រសួងសាធារណការ បង្កើតសេវាប្រមូលចំណូលតាមប្រព័ន្ធអនឡាញ

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ៖

ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារកម្ពុជាសាធារណៈ ដើម្បីបង្កើតសេវាទូទាត់ចំណូលសាធារណៈតាមប្រព័ន្ធអនឡាញដែលមានភាពងាយស្រួល ប្រសិទ្ធភាព រហ័ស ចំណេញពេលវេលា និងតម្លាភាព ។
នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារកម្ពុជាសាធារណៈ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការប្រមូលកម្រៃសេវាសាធារណៈតាមរយៈអនឡាញនេះ បានជួយកាត់បន្ថយការចំណាញពេលវេលាក្នុងការធ្វើដំណើរ និងលើកកម្ពស់ឲ្យកាន់តែមានប្រសិទ្ធភាពនៃការប្រមូលពន្ធជូនរដ្ឋផងដែរ ។
ឯកឧត្តមបានបន្តថា ការចុះហត្ថាលេខាអនុស្សរណៈយោគយល់នេះមានគោលបំណងផ្តល់អត្ថប្រយោជន៍ដូចជា ៖ ទី១ ការចុះបញ្ជីយានយន្ត ទី២ ការប្រឡងយកបណ្ណបើកបរ និងទី៣ អាជីវកម្មដឹកជញ្ជូន និងសេវាផ្សេងៗទៀត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងតម្លាភាពនៃសេវាសាធារណៈរបស់រដ្ឋជាពិសេសជួយកាត់បន្ថយចំណាយក្រៅផ្លូវការដែលអាចកើតមានឡើង។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារកម្ពុជាសាធារណៈ មានការចូលរួមពី ប្រធានធនាគារប្រចាំតំបន់ប្រតិបត្តិការឥណ្ឌូចិននៃធនាគារកម្ពុជាសាធារណៈនិងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ៕