អភិបាលខេត្តកំពង់ចាម ស្នើឲ្យស្ថាប័នជំនាញ ចុះស្រាវជ្រាវ លើគ្លីនីកឯកជន ដែលប្រើប្រាស់រូបភាព ឲ្យក្រុមគួកជេរ ដឹកអ្នកជម្ងឺ ទៅកាន់គ្លីនីករបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ដោយ លោក ចិនសារ៉ាត ៖

ខេត្តកំពង់ចាម៖​  ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្នើឲ្យស្ថាប័នជំនាញ ចុះស្រាវជ្រាវ លើគ្លីនីកឯកជនមួយចំនួន ដែលប្រើប្រាស់រូបភាព ឲ្យក្រុមគួកជេរ ដឹកអ្នកជម្ងឺ ទៅកាន់គ្លីនីករបស់ខ្លួន ខណៈដែលអ្នកជម្ងឺមានបំណងពិត មករកសេវានៅមន្ទីរពេទ្យរដ្ឋនោះ ។
ឯកឧត្ដម អ៊ុន ចាន់ដា ស្នើយ៉ាងដូច្នេះ នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សា នៅសាលប្រជុំសាលាខេត្ត បន្ទាប់ពីមានករណីបណ្ដឹង របស់ប្រជាពលរដ្ឋ ជាអ្នកជម្ងឺ ដែលបានមករកសេវា នៅមន្ទីរពេទ្យខេត្តកំពង់ចាម តែត្រូវក្រុមគួកជេរ បានអូសទាញ ឲ្យពួកគាត់ទៅរកសេវាគ្លីនីកឯកជនវិញ ។
ឯកឧត្ដម អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា ថ្វីត្បិតតែ រូបភាពខាងលើនេះ មានលក្ខណៈសាមញ្ញៗ ក៏ប៉ុន្តែ វាបង្កើតនូវភាពអាណាធិបតេយ្យ តាមរយៈ ការបង្កើតសេវាយកកម្រៃ ដែលប្រឆាំងទៅនឹងសេវារដ្ឋបាល ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេស គោលនយោបាយ របស់ រាជរដ្ឋាភិបាល ដែលតម្រូវឲ្យមន្ត្រីរាជការ ខិតខំយកចិត្តទុកដាក់បំរើសេវា ឲ្យបានល្អ និងប្រកបដោយគុណភាព ។ ឯកឧត្ដមអភិបាលខេត្ត សង្កត់ធ្ងន់ថា យើងមិនត្រូវឲ្យមានរូបភាពបែបនេះ មានបន្តទៀតឡើយ ។ ដូច្នេះ សូមឲ្យស្នងការដ្ឋាននគរបាលខេត្ត ដាក់កម្លាំងពិនិត្យមើល រូបភាព អាណាធិបតេយ្យ នៅតាមចំណុចសំខាន់ៗ ដូចជា ចំណតរថយន្ត និងនៅខាងមុខមន្ទីរពេទ្យ ជាដើម ។ ជាមួយនេះក៏សូមឲ្យស្នងការដ្ឋាននគរបាលខេត្ត សហការ ជាមួយមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ចុះពិនិត្យមើលគ្លីនីកមួយណា ដែលប្រើប្រាស់រូបភាព ឲ្យក្រុមម៉ូតូឌុប កង់បី និងក្រុម Pass App ធ្វើ សកម្មភាពយ៉ាងដូច្នេះ ដើម្បី ឈានទៅចាត់វិធានការរដ្ឋបាល និងផ្លូវ ច្បាប់ចំពោះគ្លីនីកនោះ ផងដែរ៕