កូរ៉េខាងជើងនិយាយថា ខ្លួនគ្មានការចាប់អារម្មណ៍ក្នុងការពិភាក្សាទេដរាបណាការគំរាមកំហែងខាងយោធានៅតែបន្ត

AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ — ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនគ្មានការចាប់អារម្មណ៍​ក្នុងការសន្ទនាគ្នាទេ ដរាបណាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅតែបន្តការគំរាមកំហែង​ផ្នែក​យោធាប្រឆាំងនឹងខ្លួនមួយថ្ងៃបន្ទាប់ពីយន្តហោះបំបាំងកាយប្រភេទ F-35 ចំនួន២គ្រឿង​បាន​ទៅដល់ភាគខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចេញការព្រមាននៅក្នុងសេចក្ដីថ្លែង​ការណ៍​មួយផងដែរ ដោយបានថ្កោលទោសកូរ៉េខាងត្បូង ចំពោះការរំលោភលើកិច្ចព្រមព្រៀង​អន្តរកូរ៉េ ដើម្បីកាត់បន្ថយភាពតានតឹងឆ្លងកាត់ព្រំដែន តាមរយៈការបង្ហាញនូអាវុធបច្ចេកវិទ្យា​ខ្ពស់​ពីសហរដ្ឋអាមេរិកដោយហៅទង្វើបែបនេះថា ជាការបង្កហេតុធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីយន្តហោះចម្បាំង F-35A ចំនួន ២ គ្រឿងបន្ថែមទៀតបានទៅដល់ប្រទេសកូរ៉េខាងត្បូង ដោយនាំយកនូវចំនួនយន្តហោះបំបាំង​កាយសរុបនៅក្នុងកងទ័ពអាកាសរបស់ប្រទេសនេះដល់៦គ្រឿង ហើយបេសកជននុយក្លេអ៊ែរ​កំពូលរបស់សហរដ្ឋអាមេរិកលោក Stephen Biegun បាននិយាយនៅឯទីក្រុងសេអ៊ូលថា ទីក្រុងវ៉ាស៊ីនតោន គឺជាការត្រៀមបន្តកិច្ចពិភាក្សាជាមួយព្យុងយ៉ាងជានិច្ច។

សេចក្តីថ្លែងការណ៍បាននិយាយថា យើងនៅតែមិនផ្លាស់ប្តូរជំហររបស់យើង ក្នុងការ​ដោះ​ស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី តាមរយៈការសន្ទនា និងការចរចា។ ទោះយ៉ាងណា​ការ​សន្ទនាអមដោយការគំរាមកំហែងផ្នែកយោធា គឺមិនមានផលប្រយោជន៍សម្រាប់យើង​ទេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា សកម្មភាពនៃការណែនាំជាបន្តបន្ទាប់នូវឧបករណ៍​ដ៏សាហាវនេះ គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរដែលបានបដិសេធជាចំហនូវសេចក្តីប្រកាសរួម និង​កិច្ចព្រមព្រៀងយោធារវាងប្រទេសកូរ៉េខាងជើង និងខាងត្បូង។

សេចក្តីថ្លែងការណ៍នេះបានស្តីបន្ទោសសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​ចំពោះការ​បង្កើនសកម្មភាពអរិភាពប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ដែលខ្លួនបាននិយាយថា កំពុងធ្វើឱ្យ​សន្ទុះសម្រាប់កិច្ចចរចា និងបង្ខំឱ្យទីក្រុងព្យុងយ៉ាងចាត់វិធានការ ដើម្បីពង្រឹង «ការទប់ស្កាត់​ខាងរាងកាយ » របស់ខ្លួន។

របាយការណ៍បាននិយាយថា  ប្រសិនបើសភាកូរ៉េខាងត្បូងគិតថា វាអាចចៀសវាងការ​ទទួលខុសត្រូវចំពោះភាពជាប់គាំងនៅក្នុងទំនាក់ទំនងកូរ៉េខាងជើង-ខាងត្បូង និងស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅជុំវិញឧបទ្វីបកូរ៉េ តាមរយៈការអនុម័តនូវដំណោះស្រាយបែបនេះ​ប្រឆាំង​នឹងយើងនោះ វាគឺជាការគិតខុសមួយ។

គណៈកម្មាធិការការពារជាតិរបស់សភា បានអនុម័តសេចក្តីសម្រេចចិត្តកាលពីដើមខែ​នេះ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានសាកល្បងការបាញ់មីស៊ីលរយៈចម្ងាយខ្លីបីឈុត ក្នុង​រយៈ​ពេលតែជាងមួយ សប្តាហ៍ប៉ុណ្ណោះ។ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីល ៣គ្រាប់​បន្ថែមទៀត ចាប់តាំងពីពេលនោះមករហូតដល់សប្តាហ៍មុននេះ៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)