រាជរដ្ឋាភិបាលបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណ ប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចអនឡាញ

វិទ្យុជាតិកម្ពុជាដោយ លោក អុឹម ភិរក្សនារីរតន:

រាជរដ្ឋាភិបាលប្រកាសអោយអាជ្ញាធរបញ្ឈប់ការផ្ដល់គោលការណ៍និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីពេលនេះទៅដើម្បីធានាសណ្តាប់ធ្នាប់សង្គម។

រាជរដ្ឋាភិបាលបានចេញសារាចរណែនាំដល់
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងប្រធានស្ថាប័នពាក់ព័ន្ធអគ្គស្នងការនគរបាលជាតិមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ដោយបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណហើយចុះទប់ស្កាត់អាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចអនឡាញអោយអស់នៅកម្ពុជា។
ការសម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចអនឡាញនៅកម្ពុជានេះ ដោយសារតែ
កន្លងមករាជរដ្ឋាភិបាលសង្កេតឃើញថាសកម្មភាពអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកនិងតាមរយៈអិុនធើណេតអនឡាញ internet online ក្នុងនិងក្រៅប្រទេសមួយចំនួនបានទទួលគោលការណ៍អនុញ្ញាតពីរដ្ឋាភិបាលមួយចំនួនទៀតបានលួចលាក់ធ្វើសកម្មភាពនៅតាមទីតាំងផ្សេងៗគ្នាហើយពួកឧក្រិដ្ឋជនបរទេសមួយចំនួនបានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីធ្វើសកម្មភាពបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេសដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គម។
រាជរដ្ឋាភិបាលបានអៈអាងថា ដើម្បីពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសនឹង សំដៅចូលរួមថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងសង្គមរាជរដ្ឋាភិបាលសូមធ្វើការណែនាំដល់មន្ត្រីនគរបាលយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការស្រាវជ្រាវនិងបង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសគ្រប់ប្រភេទនិងគ្រប់រូបភាពដែលធ្វើសកម្មភាពដោយមិនមានអាជ្ញាបណ្ណពីក្រសួងស្ថាប័នមានសមត្ថកិច្ច។
ប្រភពបន្តថា ចំពោះអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសដែលមានអាជ្ញាប័ណ្ណត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពរហូតផុតសុពលភាពដែលបានកំណត់ក្នុងអាជ្ញាប័ណ្ណ។បន្ទាប់ពីនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនបន្តសុពលភាពនៃអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់ប្រភេទលីតទៅទៀតឡើយ។
៣ រាជរដ្ឋាភិបាលបញ្ឈប់ការផ្ដល់គោលការណ៍និងអាជ្ញាប័ណ្ណអនុញ្ញាតឲ្យប្រកបអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណិតអនឡាញក្នុងនិងក្រៅប្រទេសក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ថ្ងៃចុះហត្ថលេខាលើសារាចរណែនាំចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នេះតទៅ៕