កម្ពុជានឹងស្នើអង្គការយូណេស្កូដាក់បញ្ជូលនំបញ្ចុកនិងបង្អែមខ្មែរមួយចំនួន ជាសម្បត្តិបេតិកភណ្ឌអរូបិយ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖កម្ពុជានឹងស្នើអង្គការយូណេស្កូដាក់បញ្ជូលនំបញ្ចុកនិងបង្អែមខ្មែរមួយចំនួនជាសម្បត្តិបេតិកភណ្ឌអរូបិយដើម្បីទាក់ទាញភ្ញៀវទេសចរ និងធ្វើឲ្យពិភពលោកកាន់តែស្គាល់ពីកម្ពុជា។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រសួង នឹងបើកកិច្ចពិភាក្សាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិគ្រោះពិភាក្សាពាក់ព័ន្ធនឹងការស្នើទៅកាន់អង្គការយូណេស្កូ សុំចុះបញ្ជីនំបញ្ចុកខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយ ដើម្បីនាំសមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ នាឱកាសសម័យសន្តិភាព ។
ក្នុងពិធីបិទសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម បានណែនាំឱ្យមន្ត្រីក្រោមឱវាទ ត្រូវសហការជាមួយភាគីពាក់ព័ន្ធជ្រើសរើសម្ហូបអាហារ និងបង្អែមដែលជាអត្តសញ្ញាណរបស់កម្ពុជា ឱ្យបានច្រើនមុខដូចជា នំអន្សម នំចក្រច័ន្ទ បាយដំណើបសង់ខ្យា នំផ្លែអាយ និងនំស្លឹកស្រស់ជាដើម ដើម្បីរៀបចំស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបិយ នៅអង្គការយូណេស្កូ សំដៅពង្រីកការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាបន្ថែម។ ឯកឧត្តមបញ្ជាក់ថា កម្ពុជានឹងធ្វើឱ្យមានស្ដង់ដាអនាម័យ គុណភាព និងរំលេច នូវមុខម្ហូប និងបង្អែមទាំងនេះ ឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីទន្ទងចិត្តភ្ញៀវទេសចរឱ្យចាប់អារម្មណ៍ចង់ភ្លក្ស ឬទទួលទាននៅពេលទទួលទានអាហារម្ដងៗ មិនថានៅក្នុងប្រទេសកម្ពុជា ឬនៅឯបរទេសនោះឡើយ សំដៅធ្វើយ៉ាងណាឱ្យពួកគេទទួលទានហើយ ចងចាំពីប្រទេសកម្ពុជា តាមរយៈម្ហូបអាហារនេះ ។
មន្ត្រីជំនាញក្រសួងទេសចរណ៍បង្ហាញថា កម្ពុជានៅមានសម្លម្ជូរ ដូចជា ម្ជូរគ្រឿងអំពិល ម្ជូរ សណ្ដាន់ទុំ ម្ជូរក្រសាំង ម្ជូរស្លឹកថ្នឹងឬស្លឹកត្រមូងជាដើម ចំណែកបង្អែមក៏នៅមានច្រើនទៀតដែរ ដូចជា ចេកខ្ទិះ បង្អែមគ្រាប់ផ្លែត្នោតខ្ចី ឬបបរត្នោត ដំណាប់ផ្លែឈើនានា ពោលគឺឱ្យតែម្ហូបអាហារ និងដែលបុព្វបុរសបានកត់ត្រាទុកពីបរមបុរាណមក គឺត្រូវប្រមូលយកមករៀបចំស្នើសុំចុះបញ្ជីទាំងអស់។
លោក ស៊ូ ជីង នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការទេសចរណ៍ពិភពលោក បានគាំទ្រគម្រោងនេះ ព្រោះវានឹងបង្ហាញកាន់តែច្បាស់ពីមុខម្ហូប ប្រពៃណីជាតិខ្មែរទៅកាន់ពិភពលោក និងទេសចរអន្តរជាតិឲ្យមកលេងកម្ពុជាកាន់តែច្រើន៕