រាជរដ្ឋាភិបាលជំរុញការអនុវត្តគោលនយោបាយTVET ឲ្យកាន់តែទូលំទូលាយ

វិទ្យុជាតិកម្ពុជា អត្ថបទ៖ជួន បូណា ២១ ០៨ ១៩៖

រាជរដ្ឋាភិបាលជំរុញការអនុវត្តគោលនយោបាយTVETឲ្យកាន់តែទូលំទូលាយដើម្បីលើកកម្ពស់សមត្ថភាពរបស់យុវជនអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ។
ថ្លែងក្នុងឱកាសចុះជួបជាមួយសាស្រ្តាចារ្យ បុគ្គលិកសិក្សា និងសិស្ស-និស្សិត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែសីហា ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអំពាវនាវឲ្យគ្រឹះស្ថានក្រោមឱវាទក្រសួងការងារ និងគ្រឹះស្ថានឯកជនទាំងឡាយឲ្យបំពេញនូវភារកិច្ចរបស់ខ្លួនលើការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញវិជ្ជាជីវៈឲ្យប្រកបដោយគុណភាព។
ឯកឧត្តមរដ្ឋមន្រ្តីបន្ដថា ការជំរុញការអនុវត្តគោលនយោបាយTVETឲ្យកាន់តែទូលំទូលាយប្រកបដោយគុណភាពនេះ ដើម្បីធានាឲ្យសិក្ខាកាមបានបញ្ចប់ការសិក្សារបស់ខ្លួនទទួល បានជោគជ័យ ហើយអាចចាប់យកឱកាសការងារបានតាមតម្រូវការទីផ្សារ។
ការអនុវត្តគោលនយោបាយTVETឲ្យកាន់តែទូលំទូលាយនេះបានធ្វើឡើង ខណៈដែលបច្ចុប្បន្នកម្ពុជាកំពុងមានបញ្ហាកង្វះធនធានមនុស្សក្នុងវិស័យTVET ដែលជាបញ្ហាប្រឈមនៃ តម្រូវការអភិវឌ្ឍ។
សូមបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានខិតខំពង្រាយគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេសនៅតាមរាជធានី-ខេត្ត ដោយនាពេលបច្ចុប្បន្នកើនឡើងដល់ ៣៨គ្រឹះស្ថាន និងស្ថាប័នដៃគូជាង ១០០គ្រឹះស្ថាន ដើម្បីកាត់បន្ថយគម្លាត និងកខ្វះនៃធនធានមនុស្សក្នុងវិស័យTVET ហើយអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារកម្លាំងពលកម្មនៅកម្ពុជា៕