ក្រុមប្រឹក្សារាជធានីភ្នំពេញសម្រេចបង្កើតក្រុមការងារចំនួន៥ក្រុមដើម្បីជួយដោះស្រាយបញ្ហានានានៅក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ ហុក សុខរិន និង​ លោក​ ចន​ ណារិទ្ធ​៖

ក្រុមប្រឹក្សារាជធានីភ្នំពេញសម្រេចបង្កើតក្រុមការងារចំនួន៥ក្រុម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា ដែលជួយពន្លឿនកិច្ចអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំសាមញ្ញលើកទី៣អាណត្តិទី៣ នៃក្រុមប្រឹក្សារាជធានីភ្នំពេញបាននាព្រឹកថ្ងៃទី២១សីហានេះ ឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបាន មានប្រសាសន៍ថា ក្រុមប្រឹក្សារាជធានីភ្នំពេញបានបង្កើតឲ្យមានក្រុមផែនជំនាញចំនួន៥ក្រុម ដែលផែននិមួយៗមានភារកិច្ចទទួលខុសត្រូវពិនិត្យកែសំរួលខ្លឹមសារដែលបាន ស្នើរឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ និងបង្កឲ្យមានភាពងាយស្រួលមិនចំណាយពេលវេលាច្រើនលើការត្រួតពិនិត្យខ្លឹមសារ។
ឯកឧត្តមបានបញ្ជាក់ថា សមាជិកក្រុមជំនាញទាំង៥ បានលើកឡើងនូវសំណើនិងសំណូមពរជាច្រើនពាក់ពន្ធ័នឹងបញ្ហាសំរាមនៅជាប់របងសាលារៀនដោយសុំឲ្យមានការដោះស្រាយតាមរយៈការជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយថែមទៀត និងវិធានការផាកពិន័យលើអ្នកបោះសំរាមចោលផ្តេសផ្តាស។
ឯកឧត្តមបន្តថា ក្រុមការងារបន្តលើកជាសំណើជំរុញការបើកវគ្គ បណ្តុះបណ្តាលនិងប្រឡងយកបណ្ណ័បើកបរសំរាប់អ្នករត់ម៉ូតូកង់៣ធ្វើឲ្យពួកគេចេះច្បាប់ចរាចរណ៍នៅក្នុងពេលបើកបរព្រោះអ្នកដំណើរផ្ញើរវាសនាលើអ្នកបើកបរ។
បន្ថែមពីនេះសមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញក៏បានលើកឡើងពីការជំរុញការត្រួតពិនិត្យបច្ចេកទេសលើការរក្សាទុកដាក់ហ្គាស និងឥន្ទនៈនៅស្ថានីយ៍ឲ្យបានត្រឹមត្រូវ ជៀសវាងកើតមានហានីភ័យដោយគ្រោះអគ្គិសភយ័។
សូមបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញបានបើកកិច្ចប្រជុំសាមញ្ញលើកទី៣អាណត្តិទី៣ នាព្រឹកថ្ងៃទី២១សីហាដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដើម្បីពិនិត្យពិភាក្សានិងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៩ចំនុណ៕