ក្រសួងទេសចរណ៍សហការជាមួយអង្គការទេសចរណ៍ពិភពលោករួមគ្នាកម្ពស់ទេសចរណ៍ម្ហូបអាហារកម្ពុជា

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ភ្នំពេញ៖ក្រសួងទេសចរណ៍កម្ពុជាសហការជាមួយអង្គការទេសចរណ៍ពិភពលោករួមគ្នាលើកកម្ពស់​ទេសចរណ៍ម្ហូបអាហារនៅកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរ និងថែរ​ក្សា​​ទំនៀមទំលាប់ប្រពៃណីជាតិ។

ក្នុងពិធីបើកសន្និសីទអន្តរជាតិ លើកទី១ ស្ដីពី ទេសចរណ៍ម្ហូបអាហារកម្ពុជា ក្រោមប្រធានបទ ៖ លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌដើម្បីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព ថ្ងៃទី២១ ខែសីហា​​ នេះនៅ​សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ​ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថាផលិតផលម្ហូបអាហារគឺជាធនធានទេសរណ៍ដ៏ល្អចូលរួមទាក់ទាញទេសចរជាតិនិងអន្តរជាតិ បង្កើតការ​ងារ​ជំនាញ បង្កើតចំណូលថែរក្សាវប្បធម៌ប្រពៃណី ថែរក្សាធនធានធម្មជាតិ ជំរុញសហគ្រិនភាពការច្នៃប្រឌិត បង្កើត​ការងារថ្មីៗ និងកាត់បន្ថយចំណាកស្រុកជាដើម។ ម្ហូបអាហារជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌មានតួនាទី​ជា​កំលាំងចលករទាក់ទាញភ្ញៀវទេសចរដែលមិនធ្លាប់ចេញដើរកំសាន្ត។

តាមការស្រាវជ្រាវគឺ ទេសចរម្នាក់បានចំណាយលុយរបស់ខ្លួនបរមាណ២៥ភាគរយជាមធ្យមលើម្ហូបចំណីអាហារពេលធ្វើដំណើរកំសាន្តម្តងៗ។ ដូច្នេះការលើកកម្ពស់វិជ្ជាជីវៈផ្នែកម្ហូបអាហារ ជាការសំខាន់ ដោយទាមទារទាំងឆន្ទៈ ចំណេះដឹង ជំនាញ ឥរិយាបថខ្ពស់ សិល្បៈ និងគំនិតច្នៃប្រឌិត ដែលមិនអាចខ្វះបាន ខណៈការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូបអាហារ ពិតជានាំមកនូវការរីកចម្រើនផ្នែកអាជីព​ក្នុងវិស័យទេ​សចរណ៍ ជាពិសេសចូលរួមទប់ស្កាត់ចំណាកស្រុក និងបង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ។

សូមបញ្ជាក់ថា សន្និសីទអន្តរជាតិនេះ រៀបចំឡើងដើម្បីចូលរួមជា​មួយ​កិច្ចខិតខំប្រឹងប្រែងរបស់អង្គការទេសចរណ៍ពិភពលោក គំនិតផ្តួចផ្តើម​របស់អាស៊ាន និងជាពិសេសដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា ជាផលិតផលទេសច​រណ៍ដ៏ទាក់ទាញនៅកម្ពុជា ក៏ដូចជាចូលរួមលើកតម្កើង ប្រពៃណី វប្បធម៌ និងបេតិកភណ្ឌជាតិ តាមរយៈទេសចរណ៍ម្ហូបអាហារផងដែរ៕