អ្នកការទូតកំពូលៗរបស់កូរ៉េខាងត្បូង ចិន និងជប៉ុន នឹងធ្វើកិច្ចចរចាគ្នានៅទីក្រុងប៉េកាំង

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី កាង គីយ៉ុង-វ៉ា (Kang Kyung-wha) បាន​មកដល់ទីក្រុង   ប៉េកាំងកាលពីថ្ងៃអង្គារកន្លងទៅនេះ ដើម្បីជួបប្រជុំជាមួយសមភាគីចិន និង​ជប៉ុន​អំពី​កិច្ចសហប្រតិបត្តិការផ្លូវបី និងកិច្ចប្រជុំកំពូលមួយដែលអាចកើតមាន​ក្នុងចំណោម​មេដឹកនាំរបស់ពួកគេ។

នៅក្នុងសុន្ទរកថាទិវារំដោះជាតិរបស់លោកកាលពីសប្តាហ៍មុន ប្រធានាធិបតីកូរ៉េខាង​ត្បូងលោក Moon Jae-in បាននិយាយថា លោកនឹងចូលរួមដោយរីករាយជាមួយប្រទេសជប៉ុន​ប្រសិនបើវាជ្រើសរើសផ្លូវនៃកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការ ដោយការកត់សម្គាល់​នេះ​ដែល​ត្រូវបានគេមើលឃើញថា ជាសាខាអូលីវមួយទៅកាន់ប្រទេសជិតខាង។

ប៉ុន្មានម៉ោងបន្ទាប់ពីលោកស្រីបានមកដល់ទីក្រុងប៉េកាំង លោកស្រី កាង និងរដ្ឋមន្ត្រី​ការ​បរទេសចិនលោក វ៉ាង យី បានជួបប្រជុំគ្នាមួយម៉ោង ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់​រួមទាំងប្រទេសកូរ៉េខាងជើង។

លោក វ៉ាង បានមានប្រសាសន៍ថា ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូងគួរតែធ្វើ​សហប្រតិ​បត្តិការ​គ្នា ដើម្បីពង្រឹងទំនាក់ទំនងត្រីភាគី ពង្រឹងសន្តិភាព និងស្ថិរភាពនៅក្នុង​តំបន់ ព្រមទាំងបានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចប្រជុំកំពូលនេះថា អាចកើតមានឡើងសម្រាប់​មេដឹក​នាំរបស់ពួកគេនៅចុងឆ្នាំនេះ។

លោកស្រី កាង បានមានប្រសាសន៍ថា លោកស្រីសង្ឃឹមថា នឹងមានការពិភាក្សាអំពីវិធី​នាំកូរ៉េខាង-ជើងចូលតុចរចាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបន្ធូរបន្ថយ​ភាព​តាន​តឹងនៅឧបទ្វីបកូរ៉េ។

ដំណើរទស្សនកិច្ចរបស់លោកស្រី បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅពេល​លោកស្រីមានគម្រោងជួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono នៅ​រសៀល​ថ្ងៃពុធនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ​លើពាណិជ្ជ​កម្ម និងប្រវត្តិសាស្ត្រ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ លោកស្រី កាង លោក វ៉ាង និងលោក កូណូ ត្រូវ​បានគេរំពឹងថានឹងពិភាក្សាពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំកំពូលត្រីភាគីមួយ រវាងលោក មូន ​ប្រធានាធិបតីចិនលោក​ ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ។ កិច្ច​ប្រជុំកំពូលត្រីភាគីចុងក្រោយត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូកាលពីខែឧសភា ឆ្នាំមុន៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)