កម្ពុជា-វៀតណាម បើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖

កម្ពុជា-វៀតណាម បើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។
កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧ កម្ពុជា -វៀតណាម បានបើកនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ ។
ភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ភាគីវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានអោយដឹងថាកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនានា។
កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក។