ក្រុមហ៊ុន អប្សរារ៉ាយស៍ ឧបត្ថម្ភអង្ករ ១តោនដល់ សាខាកាកបាទក្រហម ខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖​

លោកស្រីតាន់ សុខគៀង ក្រុមហ៊ុន អប្សរា រ៉ាយស៍ (ខេមបូឌា) បាននាំយកអង្ករ ចំនួន ១តោន ឧបត្ថម្ភដល់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីជាប្រយោជន៍សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរង គ្រោះ ប្រជាជនទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងក្មេងកំព្រា។
ក្នុងពិធីទទួលអង្ករ ចំនួន ១តោនកាលពី រសៀលថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អប្សរា រ៉ាយស៍ (ខេមបូឌា) ដែលបានផ្តល់នូវអង្ករចំនួន ១តោន ដល់សាខាកាកបាទក្រហមខេត្ត ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ប្រជាជនទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រារ នៅក្នុងខេត្តព្រះសីហនុ ដែលកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ដើម្បីបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា អំណោយទាំងអស់នេះ សាខាកាកបាទ ក្រហមខេត្ត និងយកទៅបែងចែកជូនប្រជាពលរដ្ឋឱ្យចំគោលដៅ ម្យ៉ាងទៀតការចែករំលែកអង្ករ ដល់សាខាកាកបាទ ក្រហមនាពេលនេះ ជាវប្បធម៌ នៃការចែករំលែករវាងវិស័យឯកជន និងរដ្ឋបាលខេត្តសម្រាប់ទុកចែកជូនជនងាយរងគ្រោះផ្សេងៗក្នុងខេត្តព្រះសីហនុបានទាន់ពេលវេលា ។
សូមរម្លឹកថា ថ្មីនេះមានសប្បុរសជនក្នុងខេត្តព្រះសីហនុ បាននាំយកអំណោយជាបន្តបន្ទាប់មានដូចជា អង្គរ មី ត្រីខ កំប៉ុង ប្រេងឆា ទឹកបរិសុទ្ធយកមកឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុ ៕