រដ្ឋបាលរាជធានីភ្នំពេញប្រកាសអោយប្រជាពលរដ្ឋនៅតំបន់បុរីកីឡាដែលសេសល់ទាំង១៤គ្រួសាររួសរាន់មកទទួលយកសំណងគោលនយោបាយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

រដ្ឋបាលរាជធានីភ្នំពេញប្រកាសអោយប្រជាពលរដ្ឋនៅតំបន់បុរីកីឡាដែលនៅសេសសល់ចំនួន១៤គ្រួសាររួសរាន់មកទទួលយកសំណងគោលនយោបាយ ដើម្បីឈានទៅបញ្ចប់វិវាទជាស្ថាពរ។

រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱសានវាទរយៈពេល២ សប្តាហ៍ទៀតគិតចាប់ពីថ្ងៃទី២០ខែសីហានេះតទៅ ដោយតម្រូវអោយបងប្អូនប្រជាពលរដ្ឋនៅសេសសល់ទាំង១៤ គ្រួសារនៅតំបន់បូរីកីឡារួសរាន់ទាក់ទងផ្ទាល់ជាមួយរដ្ឋបាលខណ្ឌ៧ មករា រៀងរាល់ម៉ោងធ្វើការដើម្បីទទួលយកគោលនយោបាយរបស់ខ្លួន បើពុំដូច្នោះទេ ផុតកំណត់រយៈពេលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈនានាឬការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ។
សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបានអៈអាងថា ការជំរុញអោយពលរដ្ឋដែលនៅសេសសល់ទាំង១៤គ្រួសារនៅតំបន់បូរីកីឡារួសរាន់មកទទួលសំណងគោលនយោបាយនេះ ដោយសារតែពួកគេនៅយឹតយ៉ាវមិនព្រមមកទទួលសំណង ខណៈដែលអាជ្ញាធរនិងភាគីពាក់ព័ន្ធបានដោះស្រាយរួចរាល់កន្លង។

រដ្ឋបាលរាជធានីភ្នំពេញបានជម្រាបថា ដំណោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បុរីកីឡាបានធ្វើឡើងជាច្រើនដំណាក់កាលអស់រយៈពេលជាច្រើនឆ្នាំនិងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធអង្គការសង្គមស៊ីវិលច្រើនដោយឈរលើគោលការណ៍តម្លាភាព មនសិកាវិជ្ជាជីវៈ សាវតាពិតនិងលក្ខណៈសម្បត្តិនៃគ្រួសារនីមួយៗរួចមកជាលទ្ធផលបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានទទួលយកគោលការណ៍នៅឡើយ១៤ គ្រួសារប៉ុណ្ណោះ ដែលមិនទាន់អញ្ជើញមកទទួលយកគោលនយោបាយ។
ដើម្បីឈានទៅបញ្ចប់បញ្ហាដល់រ៉ាំរ៉ៃនេះរដ្ឋបាលរាជធានីភ្នំពេញសូមជំរាបជូនដំណឹងជាលើកចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋនៅសេសសល់ទាំង១៤ គ្រួសារ ដែលមិនទាន់បានអញ្ជើញមកទទួលយកគោលនយោបាយសូមមេត្តារួសរាន់ទាក់ទងផ្ទាល់ជាមួយរដ្ឋបាលខណ្ឌ៧ មករា រៀងរាល់ម៉ោងធ្វើការដើម្បីទទួលយកគោលនយោបាយរបស់ខ្លួនដោយទុករយៈពេល២ សប្តាហ៍គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនៅសេសសល់នៅតំបន់បុរីកីឡាទាំង១៤ គ្រួសារ នឹងអញ្ជើញមកទទួលយកគោលនយោបាយទៅតាមលទ្ធផលដែលបានវាយតម្លៃប្រកបដោយតម្លាភាពតាមការបរិច្ឆេទកំណត់ជូនខាងលើហើយចូលរួមសហការអនុវត្តសេចក្តជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ អត្ថបទ ហុក សុខរិន ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៩