ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ថា ការបង្កបង្កើនផលស្រូវវស្សាសម្រេចបានជិត ១០០ភាគរយ

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ ២០ ០៨ ២០១៩៖

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ អះអាងថា ការបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ សម្រេចបានជិត១០០ភាគរយហើយ ទោះបីជាតំបន់មួយចំនួននៅមិនទាន់មានទឹកគ្រប់គ្រាន់ក៏ដោយ។ អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម
លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា គិតរហូតមកដល់ពេលនេះ ការបង្ករបង្កើនផលស្រូវរដូវវស្សានៅទូទាំងខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណ២៥១.៣០០ហិកតា ស្មើនឹង៩៩.២៥ភាគរយ នៃចំនួនផ្ទៃដី សរុប។ លោកបន្តថា ការបង្កបង្កើនផលស្រូវវស្សាឆ្នាំនេះ លឿនជាងឆ្នាំកន្លងទៅ បើទោះជាដំណាំតំបន់មួយចំនួនជួបប្រឈមនឹងគ្រោះរាំងស្ងួត។
សំឡេង៖ «ឥឡូវនេះចង់និយាយថា ជិត១០០ភាគរយហើយ យើងបាន ៩៩.២៥ភាគរយ នៅសល់តិចទេ និងធ្វើបានគ្រប់១០០ភាគរយ បើសិនជាអាចប៉ះពាល់ការខូចខាតហ្នឹងទៅវាអស់ប្រហែលជា១០ភាគរយប៉ុណ្ណឹងទេ បើតាមមើល វាអាច១០ភាគរយនៃការខូចខាតនៃផ្ទៃដីហ្នឹងទេ។ ចឹងវានៅសល់បានផ្ទៃដីម្រមូលផលហ្នឹងវានៅច្រើនដែរ ឥឡូវនេះគាត់ព្រោះឡើងវិញហើយកន្លែងដែលខូចហ្នឹង គាត់ចាប់ផ្ដើមព្រោះស្រូវរយៈពេលខ្លី គាត់ព្រោះរង់ចាំទឹកភ្លៀង»។
សូមបញ្ជាក់ថា ការបង្កបង្កើនផលស្រូវនៅខេត្តបន្ទាយមានជ័យ ដែលរងការប៉ះពាល់ដោយគ្រោះរាំងស្ងួត មានសរុបជាង៤ម៉ឺនហិកតា ក្នុងនោះរងការខូចខាតទាំងស្រុងមិនអាចសង្រ្គោះបានមានជាង១ម៉ឺនហិកតា៕