រាជរដ្ឋាភិបាលស្នើឲ្យជប៉ុនជួយផ្តល់បច្ចេកទេសលើកកម្ពស់កងរក្សាសន្តិភាពកម្ពុជា

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា ២០ ០៨ ១៩៖

រាជរដ្ឋាភិបាល បានស្នើឲ្យជប៉ុនជួយផ្តល់បច្ចេកទេសបណ្តុះបណ្តាល ហ្វឹកហ្វឺន និងជំនាញបច្ចេកទេសវិស្វកម្មដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីឲ្យមានសមត្ថភាពកាន់តែ រឹង មាំក្នុងការចូលរួមថែរក្សាសុខសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានជំនឿយ៉ាងមុតមាំថា ឯកឧត្តម Hidehisa HORINOUCHI នឹងពាំនាំសំណើនេះទៅដល់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រដល់កងរក្សាសន្តិភាពទៅតាមសំណូមពរចាំបាច់ជាពុំខានឡើយ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ។
សម្តេចពិជ័យសេនាបានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពី បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាព្រឹកថ្ងៃទី២០ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
សម្តេចពិជ័យសេនាបានអៈអាងថា ការស្នើឲ្យជប៉ុនបន្ដជួយនេះ បន្ទាប់ពីក្រសួងការពារប្រទេសជប៉ុនកន្លងមកធ្លាប់ បានជួយបង្កើនសមត្ថភាពដល់កងរក្សាសន្តិភាពកម្ពុជា លើវិស័យអប់រំ និងហ្វឹកហ្វឺន នៅក្នុងក្របខណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចជាជំនាញបច្ចេកទេសវិស្វកម្ម ជំនាញរក្សាសន្តិភាពជាដើម។
សម្ដេចបន្ដថា ការជួយបណ្ដុះបណ្ដាលរបស់ជប៉ុននេះ បានធ្វើឲ្យកងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ផ្នែកជំនាញវិស្វកម្ម ទទួលជោគជ័យជាបន្តបន្ទាប់ និងទទួលបានការកោតសរសើរពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសរួមបេសកកម្មនៅក្នុងតំបន់ជាមួយគ្នាផងដែរ ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លៃអំណរគុណដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុនដែលបានផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ។
ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា បានសន្យា នឹងយកសំណើរទាំងនេះដាក់ទៅថ្នាក់ដឹងនាំរបស់ខ្លួន ដើម្បីជួយបណ្តុះបណ្តាលលើវិស័យរក្សាសន្តិភាព សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ការចូលចតនាវាជប៉ុននៅកំពង់ផែខេត្តព្រះសីហនុ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នាយទាហានរបស់ ប្រទេសទាំងពីរផងដែរ ។
ឯកឧត្តម បានង្ហាញមោទនភាពជាខ្លាំងដោយបានពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ៕