ក្រសួងការបរទេស៖ លោកស្រី Kang ចាកចេញទៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចពិភាក្សាជាមួយលោក វ៉ាង និងលោក កូណូ

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha បានចាកចេញទៅកាន់​ទីក្រុង​ប៉េកាំងនៅថ្ងៃអង្គារនេះ សម្រាប់កិច្ចប្រជុំនៅសប្តាហ៍នេះ ជាមួយសមភាគីចិន និងជប៉ុន អំពីកិច្ចសហប្រតិបត្តិការផ្លូវបី និងកិច្ចប្រជុំកំពូលមួយដែលអាចកើតមានក្នុងចំណោម​មេដឹកនាំ​របស់ពួកគេ។ដំណើរទស្សនកិច្ចរបស់លោកស្រី ​បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈ​ដែលលោកស្រីត្រូវបានគេរំពឹងថា នឹងជួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Taro Kono ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរលើផ្នែកពាណិជ្ជកម្ម និងប្រវត្តិសាស្ត្រ។

ការចរចារបស់ពួកគេត្រូវបានគេរាយការណ៍ថា នឹងធ្វើឡើងនាថ្ងៃពុធស្អែកនេះ។ កិច្ច​ប្រជុំ​របស់ពួកគេធ្វើឡើងនៅពេលវេលាដ៏ល្អមួយ នៅពេលដែលទីក្រុងសេអ៊ូលកំពុងពិចារណា​ថាតើ ត្រូវបន្តកិច្ចព្រមព្រៀងចែករំលែកផ្នែកយោធាទ្វេភាគី ជាមួយនឹងការកំណត់កាល​បរិច្ឆេទ សម្រាប់​ការធ្វើសេចក្តីសម្រេចចិត្តដែលបានកំណត់នៅថ្ងៃសៅរ៍នោះ។

ភ្លាមៗនេះដែរ នៅមុនពេលចាកចេញ លោកស្រី កាង បាននិយាយថា ទីក្រុងសេអ៊ូល​នៅតែកំពុងពិនិត្យឡើងវិញថា តើត្រូវរក្សាកតិកាសញ្ញា ដែលត្រូវបន្តជាថ្មីដោយស្វ័យប្រវត្តិជា​រៀងរាល់ឆ្នាំ លើកលែងតែភាគីណាមួយបង្ហាញពីចេតនាបញ្ចប់វា។

លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិ ហ្គីមប៉ូ (Gimpo) ថា មិនទាន់មានការសម្រេចចិត្តណាមួយនៅលើកតិកាសញ្ញានេះនៅឡើយទេ។ ខ្ញុំកំពុងធ្វើ​ដំណើរទៅទីនោះ នៅពេលនោះខ្ញុំត្រៀមពន្យល់យ៉ាងសកម្ម អំពីជំហររបស់យើងទាក់ទងនឹង​ការរឹតត្បិតការនាំចេញរបស់ជប៉ុន។

ភាពតានតឹងក៏នៅតែកើនឡើងខ្ពស់ដែរ នៅពេលដែលការសម្រេចចិត្តរបស់ជប៉ុនកាល​ពីដើមខែនេះ ដើម្បីដកកូរ៉េខាងត្បូងចេញពីបញ្ជីដៃគូពាណិជ្ជកម្ម ដែលត្រូវបានគេគ្រោងនឹង​ចូល​​ជា​​ធរមាន​នៅថ្ងៃទី២៨ ខែសីហាខាងមុខនេះ។ ទីក្រុងសេអ៊ូលមើលឃើញថា ​វិធានការនេះ​ គឺជាការសងសឹកខាងនយោបាយ សម្រាប់សេចក្តីសម្រេចរបស់តុលាការកំពូលកូរ៉េខាងត្បូង កាលពីឆ្នាំមុនប្រឆាំងនឹងក្រុមហ៊ុនជប៉ុនចំពោះពលកម្មដោយបង្ខំក្នុងសម័យសង្គ្រាម។

នៅព្រឹកថ្ងៃពុធនេះ លោក តារ៉ូ កូណូ(Taro Kono) និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី(Wang Yi) គ្រោងនឹងធ្វើកិច្ចចរចាត្រីភាគី។ វាជាការកត់សម្គាល់នៃការជួបជុំបែបនេះ​លើកដំបូង ចាប់តាំង​ពីសម័យប្រជុំចុងក្រោយនៅទីក្រុងតូក្យូកាលពីខែសីហាឆ្នាំ ២០១៦។

ប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឱ្យមានដំណោះស្រាយការទូតមួយ ខណៈ​ពេល​ដែលថ្កោលទោសការរឹតត្បិតការនាំចេញរបស់ប្រទេសជប៉ុន ដែលកំពុងដំណើរការយ៉ាងត្រឹម​ត្រូវតាមគោលការណ៍នៃពាណិជ្ជកម្មសេរី ដែលទីក្រុងតូក្យូបានទទួលជ័យជម្នះជាយូរមក​ហើយ និងទទួលបានអត្ថប្រយោជន៍ពីវា។ ការប្រជុំផ្លូវបីរបស់អ្នកការទូតកំពូលៗត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដើម្បីលើក​កម្ពស់​កិច្ចសហ-ប្រតិបត្តិការត្រីភាគីក្នុងវិស័យផ្សេងៗរួមទាំងសន្តិសុខក្នុងតំបន់ និងធុរកិច្ច៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)