ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីទៅកាន់ ប្រទេសវៀតណាមជាការបើកទស្សនវិស័យថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩​ — ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី លោក Ngo Huong Nam បាននិយាយថា គម្រោងនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីអូស្ត្រាលី​ លោក Scott Morrison ទៅកាន់ប្រទេសវៀតណាម គឺជាការបើកទស្សនវិស័យថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលី។

នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានផ្តល់ឱ្យទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថាដំណើរទស្សនកិច្ចនេះគ្រោងនឹងធ្វើនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ដោយឯកអគ្គរដ្ឋទូតរូបនេះបានរំលឹកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីខែមីនាឆ្នាំមុន ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានកត់សម្គាល់ថា ជាជំពូកថ្មីមួយនៅក្នុងទំនាក់ទំនងទ្វេភាគី។

លោកបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ភាគីទាំងពីរបានអនុវត្តន៍សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន ៥ ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូ។

អ្នកការទូតរូបនេះបានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកតាម     រយៈកិច្ចប្រជុំ នឹងដំណើរទស្សនកិច្ចជាទៀងទាត់កម្រិតខ្ពស់ ក៏ដូចជាការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងថ្នាក់ក្រសួង ទីភ្នាក់ងារ និងខេត្តនានា។

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំនៅក្នុងក្របខ័ណ្ឌដៃគូយុទ្ធសាស្ត្រត្រូវបានធ្វើឡើង ដូចជាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរកាលពីខែមីនាឆ្នាំមុន និងកិច្ចពិភាក្សារបស់រដ្ឋមន្ត្រីការពារជាតិកាលពីខែវិច្ឆិកា កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរ វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម គឺជាចំណុចដ៏ភ្លឺស្វាងនៃភាពជាដៃគូ។ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃជិត ៧ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៨ និងកើនឡើងលើសពី ៣,២ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ ដែលកើនឡើងបាន ៨ភាគរយជារៀងរាល់ឆ្នាំ។

ប្រទេសអូស្រ្តាលី គឺជាវិនិយោគិនបរទេសធំជាងគេលំដាប់ទី ១៩ របស់វៀតណាម ដែលមានដើមទុនសរុបប្រមាណ ១,៩ប៊ីលានដុល្លារអាម៉េរិក។ នាពេលថ្មីៗនេះ ខេត្តចំនួន ៧ របស់វៀតណាម បានរៀបចំព្រឹត្តិការណ៍ជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងរដ្ឋនិងទីក្រុងមួយចំនួនរបស់ប្រទេសអូស្ត្រាលី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)