ខួបលើកទី ៥២ នៃការបង្កើតអាស៊ានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ សម្ព័ន្ធមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីអបអរសាទរខួបលើកទី៥២ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

ថ្លែងនៅក្នុងពិធីនោះ ប្រធានសមាគមមិត្តភាពវៀតណាម – អាស៊ីអាគ្នេយ៍ លោកស្រី Phan Thi Hong Xuan បានសរសើរចំពោះអាស៊ានថា ជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលជាកម្លាំងជំរុញសម្រាប់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ទំនាក់ទំនងរវាងរដ្ឋជាសមាជិកទាំងអស់ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីបូព៌ា អាស៊ី – ប៉ាស៊ីហ្វិក និងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកផងដែរ។

ទន្ទឹមនឹងភាពរឹងមាំខាងនយោបាយ អាស៊ានក៏ជាទីផ្សារដ៏អស្ចារ្យ និងជោគជ័យ ដែលមានប្រជាជន វ័យក្មេងច្រើន និងជាបណ្តាញទីក្រុងឆ្លាតដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ។

លោកស្រីបានបង្ហាញនូវជំនឿជឿជាក់ថា អាស៊ាននឹងប្រកាន់ជំហររឹងមាំក្នុងការប្រឈមមុខនឹងការលំបាក និងបន្តសម្រេចគោលដៅដែលទទួលបានជោគជ័យ ជាពិសេសជំរុញភាពជាដៃគូដើម្បីនិរន្តរភាព។

អគ្គកុងស៊ុលថៃប្រចាំនៅទីក្រុងហូជីមិញ លោក Apirat Sugondhabirom បានសាទរចំពោះតួនាទីរបស់ប្រទេសវៀតណាមក្នុងការសម្រេចបាននូវប្រធានបទអាស៊ានឆ្នាំ ២០១៩ គឺ «ការជំរុញភាពជាដៃគូដើម្បីនិរន្តរភាព»។

លោកជឿជាក់ថា ប្រទេសវៀតណាមនឹងទទួលបានជោគជ័យក្នុងនាមជាប្រធានអាស៊ាន ហើយនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅឆ្នាំក្រោយ។

លោកបាននិយាយថា ប្រទេសថៃប្តេជ្ញាជួយប្រទេសវៀតណាមក្នុងឋានៈជាប្រធានអាស៊ាន និងបន្តជំរុញភាពជាដៃគូដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៅក្នុងសហគមន៍អាស៊ាន។ លោកបាននិយាយបន្ថែមថា អាស៊ានកំពុងអភិវឌ្ឍន៍ខ្លួនទៅជាមហាអំណាចសេដ្ឋកិច្ចទី៦ របស់ពិភពលោក ហើយកំពុងស្ថិតនៅលើផ្លូវដែលនឹងក្លាយជាមហាអំណាចទី៤ នៅក្នុងឆ្នាំ ២០៣០​ខាងមុខ៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )