រដ្ឋបាលរាជធានីភ្នំពេញបន្តពិភាក្សាជាមួយអាជីវករលើគម្រោងអភិវឌ្ឍន៍ផ្សារសិនជូរីផ្លាហ្សា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

រដ្ឋបាលរាជធានីភ្នំពេញបន្តពិភាក្សាជាមួយអាជីវករផ្សារសិនជូរីផ្លាហ្សា ដើម្បីឈានទៅ អភិវឌ្ឍន៍ផ្សារនេះ ទៅជាផ្សារទំនើបដ៏ធំប្រចាំតំបន់ពោធិសែនជ័យ រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ តំណាងម្ចាស់ផ្សារនិងក្រុមអាជីវករលក់ដូនៅផ្សារសិនជូរីផ្លាហ្សា បានឯកភាពគ្នាឈានទៅបើកការពិភាក្សាបន្តទៀតនៅចុងសប្តាហ៍នេះ ដើម្បីស្វែងរកដំណោះ ស្រាយរួមមួយដែលអាចឈានទៅអនុវត្តគម្រោងប្រែក្លាយផ្សារនេះទៅជាផ្សារទំនើប ក្នុងគោល ដៅរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះឲ្យបានរៀបរយនិងការបង្អួតភ្ញៀវទេសចរបរទេស។
ការឯកភាពគ្នាដើម្បីបើកកិច្ចពិភាក្សាបន្តទៀតនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអាជីវករ ដែលលក់ក្នុងផ្សាររដ្ឋ ឯកជន និងជុំវិញផ្សារសិនជូរីប្លាហ្សាជំទាស់និងគម្រោងអភិវឌ្ឍន៍នេះ ថា អាចធ្វើឲ្យបាត់បងចំណូលរបស់គាត់ នៅពេលដែលរុះរើសផ្សារ។
តំណាងអាជីវករបានអៈអាងថា ពួកគាត់មិនជំទាស់នឹងការអភិវឌ្ឍទេ ប៉ុន្តែសូមអោយអាជ្ញាធរ រកដំណោះស្រាយអោយបានល្អជូនអាជីវករ ដើម្បីកុំអោយពួកគាត់បាត់តូបលក់ដូរនាពេលខាង មុខ។សម្លេង«
យ៉ាងណាក៏ដោយ មន្រ្តីសាលារាជធានីភ្នំពេញបានសន្យាផ្តល់ភាពយុត្តិធម៌ដល់ក្រុមអាជីវករ ទំាងអស់ អោយមានទីតាំងលក់បន្តទៀត ទោះបីផ្សារនេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ។
លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីជួបស្តាប់យោបល់ជាមួយអាជីវករកាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញបានលើកឡើងថា ចាប់ពីពេលនេះទៅក្រុមអាជីវកររើសតំណាងរបស់ខ្លួនដើម្បីជួបប្រជុំដោះស្រាយបន្តនៅថ្ងៃសុក្រក្នុងសប្តាហ៍នេះបន្តទៀតជាមួយគណៈអភិបាលរាជធានីភ្នំពេញ និងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីស្វែងរកចំណុចកណ្តាលណាមួយហើយអាជីវករមិនត្រូវមានអំពើហិង្សាណាមួយកើតឡើងនោះទេ គឺចូលរួមដោយស្រាយដោយយុត្តិធម៌ជាមួយគ្នា។
លោក កែវ ជឺឃាង ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សា បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្សារទំនើបនេះមានកំពស់៥ជាន់ ហើយនៅពេលក្រុមហ៊ុនសាងសង់រួច នឹងប្រគល់តូបជូនអាជីវករវិញដែលបច្ចុប្បន្នពួកគេមានតូបកំពុងលក់ នៅផ្សាររដ្ឋ និងផ្សារឯកជន។
ដោយឡែកអ្នកលក់នៅលើទ្រូងផ្លូវ គឺក្រុមហ៊ុនមិនទទួលខុសត្រូវនោះទេ គឺទុកអោយអាជ្ញាធរជាអ្នកដោះស្រាយ”។ លោកបន្តថា នៅពេលខាងមុខនេះ ក្រុមហ៊ុនចាប់ផ្តើមធ្វើការសាងសង់ ដោយតម្រូវឲ្យអាជីវករត្រូវប្តូរមកលក់បណ្តោះអាស្នននៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច។ ហើយចំពោះការមកលក់នៅលើសួនកុមារខាងមុខផ្សារ គឺក្រុមហ៊ុនសង់តំបូលនិងរៀបចំអោយដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរីទាំងរដ្ឋនិងឯក​ជនចំនួន៦៧០តូបដោយ​ឡែកអ្នក​លក់នៅតាមទ្រូងផ្លូវថ្នល់មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមានចំនួន២០៨កន្លែង៕