មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងសម្រេចធ្វើយុទ្ធនាការជិះកង់ពិនិត្យផ្លូវជារៀងរាល់ខែ

វិទ្យុជាតិកម្ពុជា៖ កញ្ញា ទុយ សូលីដា ៖

មន្ទីរសាធារណការខេត្តកំពង់ឆ្នាំងសម្រេចធ្វើយុទ្ធនាការជិះកង់ពិនិត្យផ្លូវជារៀងរាល់ខែដើម្បីពិនិត្យមើលជាក់ស្ដែង ពីស្ថានភាពផ្លូវនានានៅជុំវិញខែត្រ ដើម្បីចាត់វិធានការស្តារជួសជុល ឲ្យបានទាន់ពេលវេលា។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានប្រាប់វិទ្យុជាតិកម្ពុជាថា ការបើកយុទ្ធនាការជិះកង់មើលផ្លូវជាតិជាក់ស្ដែងនេះគឺ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនឹងដឹកជញ្ជូន ។
លោកបន្តថា យុទ្ធនាការជិះកង់ពិនិត្យមើលផ្លូវនេះជារៀងរាល់ខែនេះ នឹងត្រូវធ្វើឡើង នៅក្នុងសប្ដាហ៍ទីពីរនៃខែនីមួយៗ ដើម្បីពិនិត្យអោយបានជាក់ស្ដែងកន្លែងណាដែលខូចខាតនៅគ្រប់ផ្លូវជាតិដែលមាននៅក្នុងខេត្តដើម្បីធ្វើការស្ថាបនា ឡើងវិញដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ។
សំឡេង៖ យើងដាក់ផែនការគឺកំណត់អោយមន្ត្រីសាធារណការទាំងអស់ ធ្វើសកម្មភាពជិះកង់ដើរមើលផ្លូវ បើជិះរថយន្តយើងមើលស្ថានភាពថ្នល់ខូចរបស់យើងមិនបានពេញលេញទេ អញ្ចឹងជារៀងរាល់ខែមន្ទីរត្រូវចលនាជិះកង់ ប្រមូលមន្ត្រីបច្ចេកទេសសាធារណៈការយើង ជិះកង់តាមខ្សែផ្លូវនីមួយៗក្រោមការគ្រប់គ្រងរបស់មន្ទីរ ដើម្បីមើលស្ថានភាពផ្លូវដែលប្រេះ ស្រកានាគ ឬក្រឡុក តូចតាច យើងមានវិធានការបិទបានភ្លាមៗកុំអោយខូចធំ។
លោកបន្ថែមថា សម្រាបខែសីហានេះ មន្ទីរសារធារណការខេត្តកំពង់ឆ្នាំងបានកំណត់យកថ្ងៃទី ២០ ខែសីហា ដើម្បីចុះធ្វើយុទ្ធការជិះកងត្រួតពិនិត្យគុណភាពផ្លូវ DBST លេខ ៥៣ ដែលមានប្រវែង ២៧គីឡូម៉ែត្រ ។ លោកបញ្ជាក់ថា យុទ្ធនាការនេះមានមន្រ្តីរាជការក្នុងមន្ទីរសាធារណការខេត្តចូលរួមចំនួន៥០នាក់និងដោយមកជួបជុំគ្នានៅមន្ទីរក្នុងក្រុងកំពង់ឆ្នាំងហើយចាប់ផ្ដើមជិះកង់ចេញដំណើរពិនិត្យមើលរហូតដល់ផ្សាររមាសក្នុងស្រុកទឹកផុស ដើម្បីអោយដឹងថា ផ្លូវនេះមានប្រេះស្រការនាគ មានជង្ហុកដែរឬទេ ដើម្បីមន្ទីរមានវិធានការជួសជុលជាបន្ទាន់កុំអោយខូចខាតកាន់តែធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា យុទ្ធនាការជិះកង់នេះមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំងបានធ្វើឡើងចំនួន៤លើក ដោយលើកទី១គឺជិះកង់ពិនិត្យមើល ផ្លូវជាតិ លេខ៥ លើកទី២ផ្លូវ១៥០A លើកទី៣ពិនិត្យផ្លូវ ១៥៣ និងលើកទី៤ មន្ទីរ ជិះកង់ពិនិត្យមើល ផ្លូវក្រាលកៅស៊ូប្រភេទ DBST លេខ ៥៣ ដោយមានប្រវែង ២៧គីឡូម៉ែត្រ ៕