ឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ និងសួរសុខទុក្ខមន្ត្រីដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖​ ដោយ​ លោក​ ហោ​ សេងគ្រី​ និង​លោក​ ចន​ ណារិទ្ធ​ ​៖


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំសមត្ថកិច្ចនគរបាល និងអាវុធហត្ថ ចុះពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែសីហាឆ្នាំ២០១៩ ។
ការចុះមកពិនិត្យទីតាំងអាជីវករលក់មាសនៅផ្សារលើ តបតាមបណ្ដឹងរបស់អាជីវករមានករណីគាស់តូបចំនួន ០៣ តូប កាលពីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ធ្វើឲ្យបាត់បង់សម្ភារៈមួយចំនួន ក្នុងនោះតូបលេខ១១ អាជីវកឈ្មោះខន បានបាត់បង់មានដូចជា កងឈុតប្លាទីន ៤២កង ,ចិញ្ចៀនប្លាទីន ៩៨វង់ , កងឈុត ៦៧ឈុត , ខ្សែជើងប្លាទីន ៣៨ខ្សែ , បណ្តោងខ្សែកប្លាទីន ១៨ ។ ដោយឡែកតូបពីរផ្សេងទៀត ក៏បាត់បង់ទ្រព្យសម្បត្តិមួយចំនួនផងដែរ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំឱ្យបងប្អូន អាជីវករ បន្តសកម្មភាពលក់ដូរបន្តទៀត ទុកភារកិច្ចនេះឱ្យមន្ត្រីសមត្តកិច្ចជំនាញចុះធ្វើការស្រាវជ្រាវ រកជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីធានាការពារសុវត្ថិភាពដល់អាជីវករ មានទំនុកចិត្តក្នុងការទុកដាក់សម្ភារ:របស់ខ្លួន ពិសេស សន្តិសុខផ្សារ ត្រូវតែរឹតបណ្តឹងអំពីសុវត្ថិភាពកាន់តែទ្វេដងបន្ថែមទៀត ។
បន្ទាប់មកឯកឧត្តម គួច ចំរើន បានអញ្ជើញទៅសួរសុខទុក្ខមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន និងមន្ត្រីជាស្ត្រីដែលបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ។
ក្នុងនោះ លោក ស៊ុត ចាន់ថន នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ទទួលបានការឧបត្ថមថវិកាពីឯកឧត្តម ជាម ហ៊ីម និងអភិបាលខេត្តចំនួន ២លានរៀល។ ដោយឡែក លោកស្រី សាលី មន្ត្រីការិយាល័យទំនាក់ទំនងអន្តរជាតិសាលាខេត្តព្រះ សីហនុ ដែលកំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ទទួលបានទឹកដោះគោ ផ្លែឈើមួយកន្ត្រក និងថវិកា ២លានរៀល ដោយឡែកស្ត្រី ដែលសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្ត នៅបន្ទប់ជាមួយគាត់មានពីអ្នកទៀតឯកឧត្តមក៍បានឧបត្ថម្ភថវិការ ម្នាក់១០ម៉ឺនរៀលផងដែរ ។ ហើយ លោក ផុក ស៊ីផា អតីតប្រធានមន្ទីរផែនការ ចូលនិវត្តន៍ ទទួលបានការឧបត្ថមថវិកាពីឯកឧត្តម ជាម ហ៊ីម និងអភិបាលខេត្តចំនួន ២លានរៀលផងដែរ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៍បានផ្តាំផ្ញើលោក ស៊ុត ចាន់ថន ក៍ដូចជាលោកស្រី សាលី ត្រូវថែទាំសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ ។ រដ្ឋបាលខេត្តតែងតែគិតគូសុខទុកមន្ត្រីក្រោមឱវាទ ផ្សាភ្ជាប់ជាមួយមន្ត្រីរាជ ការ ក៍ដូចជាប្រជាពលរដ្ឋ និងជាការចែករំលែកថវិកាជូនដល់អ្នកជំងឺគ្រប់ៗគ្នា ដោយមិនមានការប្រកាន់ បែងចែក ៕