កម្ពុជារៀបចំពិព័រណ៍នៃការចងចាំរបស់ជនរងគ្រោះនៅសារមន្ទីរទួលស្លែង ឬ មន្ទីរស-២១

ភ្នំពេញ៖     រាជរដ្ឋាភិបាលកម្ពុជា

រៀបចំពិព័រណ៍នៃការចងចាំរបស់ជនរងគ្រោះនៅគុកទួលស្លែង ឬ មន្ទីរស-២១

ក្រោយពីកន្លែងធ្វើទារណ្ឌកម្ម និងប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហមមួយនេះ

ត្រូវបានដួលរលំអស់រយៈពេល៤០ឆ្នាំ។ អ្នកយកព័ត៌មានយើងរាយការណ៍

 

          ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី៤០ឆ្នាំ

នៃការចងចាំជនរងគ្រោះស-២១ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ លោកជំទាវ ភឿង សកុណា

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា

ពិព័រណ៍នេះរៀបចំឡើងក្នុងគោលបំណងគោរព រំឭក

និងចងចាំដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជីវិតដោយអយុត្តិធម៌នៅក្នុងសម័យខ្មែរក្រហម។

 

          ជាមួយគ្នានេះ ក៏ជំរុញ និងលើកទឹកចិត្តភ្ញៀវទេសចរជាតិ

ពិសេសសិស្សានុសិស្សឲ្យមានទម្លាប់ក្នុងការរក្សាទំនាក់ទំនងជាមួយសារមន្ទីរ

តាមរយៈការចូលទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍

ដែលត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ ព្រមទាំងរួមចំណែក

ក្នុងផ្សះផ្សារដល់ជនរងគ្រោះសម័យខ្មែរក្រហម តាមរយៈ ការប្រមូល ចងក្រង

និងការដាក់បង្ហាញព័ត៌មាននៃការឈឺចាប់របស់ប្រជាជនកម្ពុជាជាសាធារណៈ។

 

 

លោក ជុំ ម៉ី អតីតជនរងគ្រោះនៃសារមន្ទីរទួលស្លែង បានលើកឡើងថា ពិព័រណ៍នេះ

ធ្វើឲ្យលោកនឹកឃើញនូវជនរងគ្រោះដែលបាត់បង់ជីវិតដោយអយុត្តិធម៌នៅក្នុងសម័យខ្មែរក្រហម

ដែលនៅក្នុងនោះក៏មានក្រុមគ្រួសាររបស់លោកផងដែរ។

 

 

បើតាមការឲ្យដឹងរបស់លោក ឆាយ វិសុទ្ធ ប្រធានការិយាល័យសារមន្ទីរទួលស្លែង

បានបញ្ជាក់ថា ពិព័រណ៍មិនអចិន្ត្រៃយ៍នៃការចងចាំជនរងគ្រោះស-២១នេះ

ត្រូវបានរៀបចំឡើងចំនួន៤លើករួចមក ហើយ ដោយចាប់ផ្តើមលើកដំបូងនៅឆ្នាំ២០១៥

សម្រាប់ផ្តល់ព័ត៌មានដល់ភ្ញៀវទេសចរជាតិ

និងអន្តរជាតិលើខ្លឹមសារនៃរូបភាពដែលត្រូវបានរៀបចំតាមបន្ទប់នីមួយៗ

កាលពីក្នុងអំឡុងទសវត្សរ៍៨០ និងទសវត្សរ៍។ លោកបន្តថា

ឯកសារដែលត្រូវបានចងក្រងនៅក្នុងសារមន្ទីរចងចាំនេះ ភាគច្រើនបានមកពី

ប្រភពក្នុងស្រុកមានដូចជា បណ្ណាល័យជាតិកម្ពុជា

ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP

និងឯកសារបណ្ណសាររបស់សារមន្ទីរទួលស្លែងដែលប្រមូលក្នុងឆ្នាំ១៩៨០

ខណៈរហូតបច្ចុប្បន្នមិនទាន់អាចឈានទៅរកសា្រវជ្រាវរកឯកសារបន្ថែមពីក្រៅប្រទេសបាន។

 

យោងតាមឯកសាររបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថា

ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារការធ្វើទារណ្ឌកម្មនៅក្នុងមន្ទីរឃុំឃាំងស-២១

ក្រោមការដឹកនាំរបស់របបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩

មានប្រមាណ២ម៉ឺននាក់

ក្នុងចំណោមអ្នកស្លាប់នៅទូទាំងប្រទេសប្រមាណជិត២លាននាក់៕