ក្រសួងសាធារណការដាក់ចេញការណែនាំថ្មី៧ចំណុច ពង្រឹងការផ្តល់ សេវាជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ អាត ចន្ធូ

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ចេញគោលការណ៍ណែនាំថ្មីចំនួន៧ចំណុច ដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងក្រមសីលធម៌របស់មន្ត្រីលើការផ្តល់សេវាជូនប្រជាពលរដ្ឋ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសារធារណការ និងដឹកជញ្ជូនស្ដីពីការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងក្រមសីលធម៌ របស់មន្ដ្រីផ្តល់សេវាសាធារណ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ចេញសេចក្តីណែនាំថ្មី៧ចំណុច ដើម្បីធានានិងចូលរួមចំណែកពង្រឹងការបំពេញ តួនាទីភារកិច្ច ប្រកបដោយក្រមសីលធម៌ខ្ពស់ របស់មន្ដ្រីរាជការក្នុងការផ្តល់សេវាសាធារណឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពប្រសើរឡើងថែមទៀតជូនប្រជាពលរដ្ឋក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់ចេញនូវការណែនាំថ្មី៧
ចំណុចរួមមានទី១៖ ត្រូវបំពេញតួនាទីជាអ្នកបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈភាពស្មោះត្រង់សេចក្តីថ្លៃថ្នូរនិងទំនួលខុសត្រូវខ្ពស់ ២៖ ត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថជាមន្ត្រីល្អ ជាអ្នកបម្រើប្រជាពលរដ្ឋនូវរាល់ពេលទំនាក់ទំនងផ្តល់ សេវាសាធារណៈ ប្រកបដោយភាពកក់ក្តៅ និងការគោរពស្រឡាញ់ ព្រមទាំងធ្វើឲ្យប្រជាពលរដ្ឋពេញចិត្ត ចំពោះរាល់សកម្មភាពការងាររបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ៣៖ ត្រូវកំណត់របៀបរបបធ្វើការងារដោយបំពេញនូវសេចក្តីត្រូវការជាក់ស្តែងជូនប្រជាពលរដ្ឋដែលមកទទួលសេវាឲ្យបានល្អបំផុត ៤៖ ត្រូវផ្តល់ព័ត៌មានឲ្យបានច្បាស់លាស់អំពីនីតិវិធី និងបែបបទផ្សេងៗ ស្របតាមបទប្បញ្ញតិ្តច្បាប់ និងត្រូវដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ បំផុត ៥៖ ត្រូវចូលរួមអនុវត្តយន្តការកាត់បន្ថយនីតិវិធីស្មុគស្មាញនិងភាពស៊ាំញ៉ាំ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈ ៦៖ មិនត្រូវប្រើប្រាស់តួនាទី និងមុខតំណែងរបស់ខ្លួន ទៅគំរាមកំហែង ឬបង្កការលំបាកដល់ ប្រជាពលរដ្ឋឡើយ និង៧៖ ត្រូវចេះសម្របសម្រួលនិងមានការទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដើម្បីបំពេញតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុត៕