គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃប្រឆាំងដាច់ខាតចំពោះផលិតផលក្លែងក្លាយធ្វើអោយប៉ះពាល់សុខភាព

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃប្រកាសប្រឆាំងដាច់ខាតចំពោះ អាជីវកម្មទាំងឡាយណាដែលលក់ផលិតផលក្លែងក្លាយធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋអ្នកប្រើសប្រាស់។

ការប្រកាសបែបនេះធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និង​ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃ ក្រសួង​​មហាផ្ទៃ ជាមួយ គណៈប្រតិភូសមាគមអ្នក​ប្រឹក្សាយោបល់គ្រឿងសម្អាង ហៅកាត់ CCA ដឹក​នាំដោយឧកញ៉ា អ៊ុច សម្បត្តិប្រធានសមាគម និង ឯកឧត្តម ម៉ូត ទូល័សទីប្រឹក្សាក្រសួងព័ត៌មាន​ព្រមទាំងសហការី កាលពីព្រឹកថ្ងៃទី១៩ ខែសីហានេះនៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តមមៀច សុផាន់ណាមានប្រសាសន៍ថា នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះ អាជីវកម្ម​ ឬជនទាំងឡាយ​ណាដែលលក់​ផលិតផលក្លែងក្លាយនេះ គ្រប់ប្រភេទ  ។ ប៉ុន្តែដើម្បីឲ្យការងារនេះកាន់តែមានប្រសិទ្ធិភាព  ឯកឧត្តមស្នើឲ្យសមាគមអ្នក​​ប្រឹក្សាយោបល់​គ្រឿងសម្អាង ចូលរួម សហការ  ផ្ដល់ព័ត៌មាន អំពីជនខិលខូច លួច លក់ផលិតឬ ចែកចាយគ្រឿង​​សម្អាងក្លែង​ក្លាយ មកសមត្ថកិច្ចដើម្បីចុះទៅបង្រ្កាបទាន់ពេលវេលា។

លោកឧកញ៉ា អ៊ុច សម្បត្តិបរប្រធាន CCAបានគាំទ្រ និងប្តេជ្ញាចូលរួមជាមួយ គណៈ កម្មាធិការប្រយុទ្ធប្រឆាំងផលិត​​ផលក្លែងដើម្បីចូលរួមកាត់បន្ថយនូវការលក់ផលិតផលក្លែងក្លាយ ជាពិសេសផលិតផលគ្រឿងសម្អាង​​នៅតាមបណ្តាញអនឡាញគ្មានច្បាប់។

ជាមួយគ្នានោះ សមាគមរបស់ លោក ក៏រីករាយពេញចិត្ត នឹងសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផល​​ក្លែងនៃ​​ក្រសួង​​​មហាផ្ទៃ ក្នុងការជួយផ្ស​ព្វ​ផ្សាយ​​និងបណ្ដុះបណ្ដាលអំពីច្បាប់ បទដ្ឋានគតិយុទ្ធពាក់ពន្ធ វិស័យគ្រឿងសម្អាង​​ទៅដល់​សមាជិករបស់​​សមាគម CCA តាមរយៈបើកវគ្គបណ្ដុះបណ្ដាលដល់អាជីវក លក់ គ្រឿងសម្អាង​​ឲ្យយល់ដឹងពីច្បាប់ក្នុងវិស័យគ្រឿងសម្អាងនេះផងដែរ៕