កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញបេ្តជ្ញាពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនអោយកាន់តែខ្លាំងក្លា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ប្រធានកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញបេ្តជ្ញាចិត្តពង្រីកសកម្មភាពមនុស្សធម៌ របស់ខ្លួនអោយកាន់តែខ្លាំងក្លា ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់កិច្ច អន្តរាគមន៍ជួយសង្គ្រោះជនរង គ្រោះ និងជនងាយរងគ្រោះនានាអោយបានទាន់ពេវេលា។
ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញបានថ្លែងក្នុងពិធី “ប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ”នៅព្រឹកថ្ងៃទី១៩ខែសីហានេះថា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនដោយខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យ មនុស្សធម៌តាមរយៈ ការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយ រងគ្រោះ ។ ឯកឧត្តមអភិបាលរាជធនីភ្នំពេញបានថ្លែងថា កិច្ចខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះក្នុងន័យជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង ។
ឯកឧត្តមបន្តថា ក្នុងតួនាទីជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការ ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជា ព្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ព្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្របតាមទិសស្លោក“ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បានសម្តែងការ កោតសរសើរដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដែលបានបំពេញបេសកកម្មភាព មនុស្សក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះ។ លោកជំទាវបានអៈអាងថា ការរៀបចំរចនាសម្ព័ន្ធរបស់សាខា ថ្នាក់រាជធានីរហូតដល់សហគមន៍ដ៏រឹងមាំនេះ បានផ្តល់សេវាត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្ត រាយនឹងជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព ហើយទាន់ពេលវេលា។ លោកជំទាវបានសង្កត់ធ្ងន់ថា ការងារមនុស្សធម៌ ជាការងារដ៏ធំធេងធ្ងន់ធ្ងរ តែវាឧត្តុង្គឧត្តមណាស់មិនអាចតួរអង្គណាម្នាក់ ស្ថាប័នណាមួយឬប្រទេសណាមួយ អាចសម្រេចកិច្ច ការនេះតែឯកឯងបានឡើយ។ ដូច្នេះចាំបាច់ឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងការជួយឧប ត្ថម្ភគាំទ្រពីសម្បុរជនជាតិអន្តរជាតិនានាបន្ថែមទៀត ដើម្បីឲ្យស្ថាប័ន្ធមនុស្សមួយនេះកាន់តែបំពេញ បាននូវតួនាទីរបស់ខ្លួនជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនានានៅក្នុងសង្គម។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាបានសម្រេចតែងតំាង លោកជិន ប៊ុនធឿន ជានាយកប្រតិបត្តិ សាខា កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពមនុស្សធម៌ជួយដល់ ជនរងគ្រោះឲ្យបានទាន់ពេលវេលា៕