រដ្ឋមន្រ្តីក្រសួងអប់រំ ធានាការត្រួតពិនិត្យគុណភាពប្រឡងបាក់ឌុបឲ្យកាន់តែមានភាពសុក្រឹត្យ

វិទ្យុជាតិកម្ពុជាដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៩ ៖

រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានប្រកាសត្រួតពិនិត្យគុណភាពប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបឲ្យកាន់តែមានតម្លាភាពនិងសុក្រឹត្យ ដើម្បីទទួលបានធនធានមនុស្សពិតប្រាកដ ពោលគឺអ្នកចេះបានជាប់ ។
ក្រសួងអប់រំបានដាក់ពង្រាយជំនួយការអប្បមាទជាង២ពាន់នាក់នៅតាមបន្ទប់ប្រឡងនានា ដើម្បីត្រួតពិនិត្យដំណើរការប្រឡងបាក់ឌុប សំដៅឲ្យដំណើរការប្រឡងឲ្យប្រព្រឹត្តទៅប្រកបដោយស្តង់ដារខ្ពស់ យុត្តិធម៌ តម្លាភាពនិងអាចទទួលយកបានទាំងអស់គ្នា ។
ក្នុងឱកាសអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រលងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា ជំនួយការអប្ប មាទនេះមានតួនាទីជាសេនាធិការឱ្យប្រធានគណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌលសំណេរលើការត្រួតពិនិត្យ និងសង្កេតមើលដំណើរការប្រឡងប្រចាំមណ្ឌលដោយជំនួយការអប្បមាទចំនួន១ម្នាក់សម្រាប់ទទួលខុសត្រូវ២បន្ទប់ប្រឡង ។
ការអនុវត្តផែនការដូច្នេះ ខណៈដែលក្នុងឆ្នាំនេះ អង្គភាពប្រឆាំងអំពើពុករលួយមិនមានដាក់អ្នកគ្រប់គ្រងអ្នកសង្កេតការប្រចាំមណ្ឌលប្រលងនីមួយៗដូចរាល់ឆ្នាំ ដោយប្រគល់តួនាទីនេះទៅក្រសួងអប់រំត្រួតពិនិត្យគុណភាពប្រឡងដោយផ្ទាល់ ។
ឯកឧត្តមរដ្ឋមន្រ្តីបានអៈអាងថា ក្រសួងអប់រំនឹងអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ហើយប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង ក្រសួងអប់រំមានកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដែលមានតំណាង២៥ខេត្ត ក្រុងផងដែរ ។  ៖គ្រាន់តែឆ្នាំនេះខាងអង្គភាពប្រឆាំងពុករលួយមិនគ្រប់គ្រងអ្នកសង្កេតការណ៍ទៀតទេ លោកផ្ដល់សិទ្ធិឲ្យក្រសួងក្នុងការរៀបចំនិងការពង្រឹងយន្តការអប្បមាទ ដូច្នេះយើងបានពង្រឹងយន្តការអប្បមាទ យើងបានជ្រើសរើសជំនួយការអប្បមាទ ក្នុងចំណោមគរុសិស្សចំនួនជាង២ពាន់នាក់ ហើយក្នុងម្នាក់មើលពីរបន្ទប់ ប៉ុន្តែជំនួយការអប្បមាទនេះមិនមានសិទ្ធិដូចអ្នកសង្កេតការណ៍ទេ គាត់គ្មានសិទ្ធិកាន់ទូរសព្ទដៃ គាត់មានសិទ្ធិចូលក្នុងបន្ទប់ប្រឡង គាត់អត់មានសិទ្ធិចាប់ទេ ប៉ុន្តែគាត់មានសិទ្ធិរាយការណ៍ ។
គួរបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបដែលមានរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩និងថ្ងៃ២០ខែសីហានេះ មានមណ្ឌលប្រឡងចំនួន២០២មណ្ឌល ចែកជា៤៧២៥បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល ដោយមានបេក្ខជនប្រឡងចំនួន១១៧០២៤នាក់ ស្រី៦០៤២១នាក់ ៕