កូរ៉េខាងជើង-ចិន បង្ហាញពីទំនាក់ទំនងខាងយោធា នៅក្នុងកិច្ចចរចាថ្នាក់ខ្ពស់  

AKP ភ្នំពេញ  ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃភាគីទាំងពីរ កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ប្រទេស​កូរ៉េខាងជើង និងចិនបានអះអាងជាថ្មីនូវ « មិត្តភាពជាប្រពៃណី » នៅក្នុងកិច្ចពិភាក្សាជាបន្ត​បន្ទាប់​រវាងមន្រ្តីយោធាជាន់ខ្ពស់របស់ពួកគេ។

លោក គីម ស៊ូគីល ប្រធានការិយាល័យនយោបាយទូទៅនៃកងទ័ពប្រជាជនកូរ៉េ បាន​ជួប​ជាមួយលោក ចាង យូស៊ី ជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន នៅទីក្រុង​ប៉េកាំង​កាលពីថ្ងៃសៅរ៍។

ដោយលើកឡើងពីចំណងមិត្តភាពជាប្រពៃណី រវាងចិន និងកូរ៉េខាងជើង លោក​ ចាង បាននិយាយថា យោធាចិនមានឆន្ទៈធ្វើការជាមួយភាគីកូរ៉េខាងជើង ដើម្បីពង្រឹងការប្រាស្រ័យ​ទាក់ទង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួម​ចំណែក​ដល់ការបង្រួបបង្រួម និងកិច្ចអភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគី និងសន្តិភាពក្នុងតំបន់។

ជាការឆ្លើយតប លោក គីម បាននិយាយថា ទីក្រុងព្យុងយ៉ាងក៏បានត្រៀមខ្លួនរួច​ជា​ស្រេច ដើម្បី ពង្រឹងកិច្ចផ្លាស់ប្តូរជាមិត្តភាព រវាងកងកម្លាំងប្រដាប់អាវុធទាំងពីរ នៅក្នុងវិស័យ​ផ្សេងៗទៀត និងការរៀនសូត្រពីគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងប្រទេស​ទាំងពីរ និងកងកម្លាំងប្រដាប់អាវុធទាំងពីរឱ្យឈានដល់កម្រិតខ្ពស់មួយ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍ថា កាលពីថ្ងៃ​សុក្រលោក  គីម បានជួបពិភាក្សាជាមួយលោក ម៉ៃ ហួ (Miao Hua) ប្រធាននាយកដ្ឋាន​កិច្ចការ​នយោបាយនៃគណៈកម្មា-   ធិការយោធាមជ្ឈិមចិន។

KCNA បាននិយាយថា លោក ម៉ៃ ហួ បាននិយាយថា ទំនាក់ទំនងមិត្តភាពចិន-កូរ៉េ​ខាង​ជើង ដែលត្រូវបានពង្រឹងបន្ថែមទៀតដើម្បីយកឈ្នះលើវណ្ណៈអភិជន និងការលំបាកក្នុងរយៈ​ពេលជាង ៧០ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកំពុងរីកចម្រើនលើកម្រិតថ្មីមួយ។

KCNA បាននិយាយទៀតថា លោក ម៉ៃ ក៏បានកត់សម្គាល់ផងដែរថា ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង និងគណៈកម្មាធិការយោធាកណ្តាលកំពុងយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងជើងនេះ។

លោក គីម និងលោក ម៉ៃ ដែលជាសមាជិកសំខាន់នៃស្ថាប័នយោធារបស់ប្រទេសរបស់​ពួកគេ​មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូល រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន និង លោកស៊ីនៅទីក្រុង ព្យុងយ៉ាងកាលពីថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)