ទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ ប្រារព្ធឡើងនៅទីក្រុងហាណូយ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បុគ្គលិកស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាននៅទីក្រុងហាណូយ និងក្រុមគ្រួសាររបស់ពួកគេបានចូលរួមក្នុងសកម្មភាពជាច្រើននៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃទិវាគ្រួសារអាស៊ានឆ្នាំ ២០១៩ ។

ដោយមានការសហការរៀបចំដោយក្រសួងការបរទេសវៀតណាម និងរង្វង់ស្ត្រីអាស៊ាន នៃទីក្រុងហាណូយ (AWCH) ព្រឹត្តិការណ៍នេះក៏មានការចូលរួមរបស់តំណាងមកពីដៃគូទាំង ១៦ របស់ប្លុកនេះនៅទីក្រុងហាណូយផងដែរ។

នៅក្នុងសុន្ទរកថាពិធីបើករបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បាននិយាយថា បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាងកន្លះសតវត្សរ៍មកនេះ អាស៊ានបានក្លាយជា     សហគមន៍សន្តិភាព និងវិបុលភាព ក៏ដូចជាដៃគូដែលអាចទុកចិត្តបាននៅក្នុងតំបន់ និងក្នុងពិភពលោក។

លោកបាននិយាយបន្ថែមថា ខណៈដែលប្លុកនេះកំពុងអនុវត្តន៍ចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ​២០២៥ របស់ខ្លួន ដោយផ្តោតសំខាន់ទៅលើប្រជាជននោះ ទិវាគ្រួសារអាស៊ាននេះ គឺជាឱកាសមួយដើម្បីជំរុញបន្ថែមទៀតនូវមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ។

បន្ទាប់ពីពិធីបើកព្រឹត្តិការណ៍នេះ អ្នកចូលរួមប្រមាណជិត២០០នាក់ បានជិះកង់ជាមួយគ្នាក្នុងចម្ងាយផ្លូវ ១០គីឡូម៉ែត្រ ដើម្បីបង្ហាញអំពីកម្លាំង ការប្តេជ្ញាចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក ដែលត្រូវបានគេចាត់ទុកថា ជាប្រពៃណីរបស់ប្រជាជាតិអាស៊ីអាគ្នេយ៍។

បន្ទាប់មក ពួកគេបានចូលរួមនៅក្នុងសកម្មភាពកីឡា និងការប្រគំតន្ត្រី ល្បែងប្រជាប្រិយ និងពិធីបុណ្យម្ហូបអាហារ។

ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Nguyet Nga ប្រធានកិត្តិយសនៃ AWCH សង្ឃឹមថា សមាជិកអាស៊ាន ព្រមទាំងដៃគូ និងមិត្តភក្តិរបស់ពួកខ្លួន នឹងជំរុញទំនាក់ទំនងរបស់ពួកគេតាមរយៈសកម្មភាពទាំងនេះ៕

ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)