Cheong Wa Dae៖ កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាននៅខែវិច្ឆិកា ដើម្បីដោះស្រាយ ​ការធ្វើពាណិជ្ជកម្មសេរី ចំពេលមានការហាមឃាត់ការនាំចេញរបស់ជប៉ុន 

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ — ការិយាល័យ Cheong Wa Dae បាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងត្បូង​គ្រោង​នឹងផ្តោតលើការស្វែងរកមធ្យោបាយ ដើម្បីជំរុញបទបញ្ជាពាណិជ្ជកម្មសេរី ក្នុងអំឡុងពេល​កិច្ចប្រជុំកំពូលក្រុមពិសេសនាខែវិច្ឆិកាជាមួយបណ្តានៅអាស៊ីអាគ្នេយ៍ ចំពេលដែលទីក្រុងតូក្យូ​រក្សាការរឹតត្បិតការនាំចេញសងសឹករបស់ខ្លួនប្រឆាំងនឹងទីក្រុងសេអ៊ូល។

ការិយាល័យប្រធានាធិបតីលោក Moon Jae-in បានបង្ហាញពីផែនការនេះ នៅក្នុង​សន្និសីទ​សារព័ត៌មានមួយ ស្តីពីការរៀបចំរបស់ខ្លួន សម្រាប់កិច្ចប្រជុំកំពូលជាមួយសមាគម​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ១០០ថ្ងៃមុនពេលបើកកិច្ចប្រជុំ។

សម្រាប់រយៈពេល ២ថ្ងៃនៃកិច្ចប្រជុំនេះ គឺចាប់ផ្តើមនៅថ្ងៃទី២៥ ខែវិច្ឆិកានៅទីក្រុង​ប៊ូសាន​ភាគខាងត្បូង។

លោក Joo Hyung-chul ជំនួយការសេដ្ឋកិច្ចជាន់ខ្ពស់របស់លោក មូន បាននិយាយថា៖​ នៅក្នុងកិច្ចប្រជុំកំពូលពិសេសនេះ កូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន នឹងពង្រឹង​ឆន្ទៈ​របស់ពួកគេ ក្នុងការបើកទីផ្សារ ពង្រីកពាណិជ្ជកម្ម ពង្រឹងសណ្តាប់ធ្នាប់ពាណិជ្ជកម្មសេរី និង​ស្វែងរកមធ្យោបាយសម្រាប់វិបុលភាពរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការទៅវិញទៅមក​ប្រឆាំង​នឹងស្ថានការណ៍អន្តរជាតិថ្មីៗ ដែលជម្លោះពាណិជ្ជកម្ម និងនិន្នាការគាំពារនិយម។

កិច្ចប្រជុំកំពូលនាខែវិច្ឆិកាខាងមុខនេះ នឹងជាប្រារព្ធខួបលើកទី៣០ ចាប់តាំងពី​ការ​បង្កើត​កិច្ចសន្ទនាតាមវិស័យកូរ៉េខាងត្បូង-អាស៊ាន និងត្រូវបានគេសង្ឃឹមថា នឹងធ្វើកិច្ច​សហ​ប្រតិបត្តិ​ការ​របស់ពួកគេឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោក Moon គ្រោងនឹងរៀបចំពិធីអាហារពេលល្ងាចស្វាគមន៍ជាផ្លូវការនៅថ្ងៃទី ២៥ ខែវិច្ឆិកា។ នៅថ្ងៃបន្ទាប់ កិច្ចពិភាក្សាពិសេសនឹងត្រូវធ្វើឡើង បន្ទាប់មកមានអាហារថ្ងៃត្រង់​ធ្វើការ និងសន្និសីទសារព័ត៌មានរួមគ្នា។

នៅថ្ងៃទី ២៧ ខែវិច្ឆិកា សម័យប្រជុំកំពូលដាច់ដោយឡែកមួយនឹងប្រព្រឹត្តទៅនៅទីក្រុង​ប៊ូសានដែលមានការចូលរួមពីលោក មូន និងសមភាគីរបស់លោកមកពីប្រទេសអាស៊ានចំនួន ៥ ដែលមានទីតាំងនៅ ជុំវិញទន្លេមេគង្គគឺ៖ ប្រទេសកម្ពុជា ,មីយ៉ាន់ម៉ា ,ឡាវ ,វៀតណាម និងថៃ៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)