រដ្ឋមន្រ្តីក្រសួងអប់រំ៖ ការធ្វើអត្រាកំណែក្នុងឆ្នាំនេះ ក្រសួងបានរៀបចំកម្មវិធីថ្មី និងបង្កើតជាមជ្ឈមណ្ឌលកុំព្យូទ័រចំនួនពីរបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ -ដើម្បីចៀសវាងការបូកពិន្ទុខុសរបស់បេក្ខជនក្នុង​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៩នេះ រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា ក្រសួងបានបង្កើត គណៈកម្មាធិការបច្ចេកទេស សម្រាប់ត្រួតពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយ​បាន​រៀបចំកម្មវិធីមួយថ្មី និងបានបង្កើតជាមជ្ឈមណ្ឌលកុំព្យូទ័រចំនួន២បន្ថែមទៀត។ ប្រសិនបើ​កន្លែងមួយមានបញ្ហា នឹងប្រើកន្លែងមួយទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាស​អញ្ជើញបើក​វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅមណ្ឌល​ប្រឡងវិទ្យាល័យ​ព្រះស៊ីសុវត្ថិ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងថា ក្រសួងបានបង្កើតអនុគណៈ​កម្មការ​​ពិសេសមួយ ហើយបានរៀបចំនូវកម្មវិធីថ្មីតែម្ដង សម្រាប់ការបូកស្រង់ពិន្ទុនេះ ដោយ​បាន​ធ្វើតេស្តរៀបចំមជ្ឈមណ្ឌលកុំព្យូរទ័រ២បន្ថែមទៀត ដោយមានទាំងប្រព័ន្ធចាស់មាន​ទាំង​ប្រព័ន្ធថ្មី។ ឯកឧត្ដមបានគូសបញ្ជាក់ថា “បើសិនបើវាមអ៊ែរឺ យើងនឹងសាកមួយទៀត ដោយ​មាន​ប្រព័ន្ធគ្រប់គ្រងចំនួន២ ដើម្បី​​គ្រប់គ្រង ចៀសវាងកើតមានបញ្ហាដូចឆ្នាំមុន ហើយ​លទ្ធ​ផល​នេះយើងនឹងយកមកវិភាគ ដោយ​មិនទាន់ផ្សព្វផ្សាយភ្លាមៗនោះទេ និងឱ្យ​អ្នក​បច្ចេក​ទេសបញ្ជូលក្នុងកម្មវិធីវិភាគទៀត ថាតើទិន្នន័យនឹងត្រឹមត្រូវ ឬអត់ ទើបយើងប្រជុំ​សម្រេច”។  ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ការស្រង់ពិន្ទុនេះ ក្រសួងមាននីតិវិធីក្នុងការត្រួត​ពិនិត្យ​មើលថា តើ​​លទ្ធ​​ផលវាយ៉ាងម៉េច ហើយយកលទ្ធផលមកវិភាគមួយរយៈសិន ដោយមិន​ផ្សព្វផ្សាយលទ្ធ​ផលភ្លាមៗទេ គឺយើងវិភាគហើយ ទើបយើងឱ្យអ្នកបច្ចេកទេសបញ្ចូល ទៅក្នុង​ប្រព័ន្ធ​កម្មវិធី​ទៀត ដើម្បីពិនិត្យមើលឃើញថា តើលទ្ធផលហ្នឹងវាត្រឹមត្រូវដែរឬអត់ ទើបយើង​នឹងប្រជុំ​សម្រេចប្រកាសលទ្ធផល។

ជាមួយគ្នានេះដែរ ឯកឧត្ដមបានលើកឡើងដែរថា ការប្រឡងក្នុងឆ្នាំនេះ ក៏មិនទាន់​ហ៊ាន សន្និដ្ឋាន ក៏ដូចជាប៉ាន់ប្រមាណថា នឹងមានសិស្សដែលប្រឡងជាប់បាននិន្ទេសA ប៉ុន្មាន​ភាគរយនៅឡើយ តែសង្ឃឹមថាចំនួនអ្នកជាប់មានកំណើនព្រោះបច្ចុប្បន្នសង្កេតឃើញថា សិស្សា​នុសិស្សមានការខិតខំប្រឹងប្រែងរៀនសូត្រច្រើនគួរឱ្យមានការកត់សម្គាល់។ ឯកឧត្ដម​រដ្ឋ​មន្រ្ដី​បានបន្ថែមថា សម្រាប់ការប្រឡងរយៈពេល២ថ្ងៃនេះ គឺវិញ្ញាសារប្រឡងត្រូវ​បានបន្ថយ​មក​ត្រឹម៧​មុខវិទ្យា ចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ  ខណៈកាលពីមុនឆ្នាំ២០១៤ គឺមានវិញ្ញាសា​រហូត​ដល់១០មុខវិជ្ជាដែលមានចំនួនច្រើន។ ឯកឧត្ដមបានកត់សម្គាល់ថា បើតាមស្តង់ដារ​ការប្រឡងសញ្ញាបត្រទុតិយភូមិជាលក្ខណៈអន្តរជាតិគឺមានតែ៦មុខវិជ្ជាទេ ដូច្នេះ​ហើយបាន​ជាក្រសួងអប់រំសម្រេចកាត់មកត្រឹម៧មុខវិជ្ជា ព្រោះវិញ្ញាសារទី៧នោះ គឺជាវិញ្ញាសាបរទេស ដែល​ជាមុខវិជ្ជាមួយបូកបន្ថែមមធ្យមភាគប៉ុណ្ណោះ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងថា ក្រសួងបានអនុវត្តន៍យ៉ាងតឹងរឹងចំពោះលោកគ្រូ អ្នក គ្រូ​ដែលជាអត្រាកំណែរួចហើយ ក្នុងករណីនៅពេលឃើញសន្លឹកកិច្ចការមិនប្រក្រតីនោះ យើង នឹងដកសន្លឹកកិច្ចនោះមកពិនិត្យដើម្បីវិភាគ។ ផ្ទុយទៅវិញបើមានសញ្ញាអ្វីមួយទៅអ្នកកែ យើង នឹងឱ្យពិន្ទុសូន្យតែម្តង។ ចំណែកអ្នកអត្រាកំណែវិញប្រសិនបើមិនគោរពតាមបទបញ្ជា នោះទេ នឹងត្រូវទទួលពិន័យ  ហើយអាចទទួលពីបទព្រហ្មទណ្ឌផងដែរ។

សូមរម្លឹកថា យោងតាមលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិកាលពី​ឆ្នាំ២០១៨កន្លងមក មាន បេក្ខជនប្រឡងជាប់ចំនួន៧៦.០៣៤នាក់ ត្រូវជា៦៧.០៧ភាគរយ នៃបេក្ខជនចូលរួម​ប្រឡង​សរុប១១៧.០៦១នាក់។ បេក្ខជនជាប់និទ្ទេស A មានចំនួន៤០៨នាក់, និទ្ទេស B ចំនួន ២.២២២នាក់, និទ្ទេស C ចំនួន ៦.០៤១នាក់, និទ្ទេស D ចំនួន ១៥.១៨០នាក់ និងនិទ្ទេស E ចំនួន ៥២.១៨៣នាក់៕

ដោយ ប៊ុនរិទ្ធ