ក្រុមអ្នកសារព័ត៌មានអាជីពកម្ពុជា នៃក្រសួងព័ត៌មាន ទទួលចំណេះដឹងថ្មីៗ ពីវិធីសាស្រ្តសរសេរព័ត៌មានបែបស៊ើបអង្កេត នៅប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា​៖ ដោយ​ ធី​ណា​ ឌី​ណេ​ និង​ អី​ កន្និកា​៖

ក្រុមអ្នកសារព័ត៌មានអាជីពកម្ពុជា នៃក្រសួងព័ត៌មានប្រមាណ៣០រូប ទទួលចំណេះដឹងថ្មីៗ ពីវិធីសាស្រ្តសរសេរព័ត៌មានបែបស៊ើបអង្កេត នៅប្រទេសវៀតណាម ដើម្បីយកទៅអនុវត្តនៅក្នុងប្រទេសវិញ ឲ្យកាន់តែរីកចម្រើននិងទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសរសេរព័ត៌បែបស៊ើបអង្កេតដល់អ្នកព័ត៌មានកម្ពុជា នៅទីក្រុងហូជីមិញ ប្រ ទេសវៀតណាម នាព្រឹកថ្ងៃទី១៩ខែ សីហាឆ្នាំ ២០១៩នេះ ឯកឧត្តម លីវ ឌិញហ្វ៊ូក(Luu Dinh Phuc)អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន នៃក្រសួងព័ត៌មាន និងទូរគមនាគមវៀតណាម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបានផ្លាស់ប្តូរនូវបទពិសោធន៍នៃការសរសេរព័ត៌មានរបស់អ្នកសារព័ត៌មានកម្ពុជា និងវៀតណាម។
ម្យ៉ាងទៀតវាជាការ ចូលរួមផ្លាស់ប្តូរយោបល់បទពិសោធន៍នៃការសរសេរព័ត៌មាន និងចុះយកព័ត៌មាន របស់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ឲ្យកាន់តែល្អបន្ថែមទៀត។ ឯកឧត្តមបានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាមរយៈក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានចុះអនុស្សរណៈជាមួយគ្នាតាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ ដើម្បី ពង្រឹងជំនាញអ្នកសារព័ត៌មានកម្ពុជាឲ្យកាន់តែខ្លាំងដូចបណ្តាប្រទេសមួយចំនួន ។

ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងដែរថា វគ្គបណ្ដុះបណ្ដាលនេះ នឹងអាចផ្ដល់ជាអត្ថប្រយោជន៍ថ្មីបន្ថែមមួយទៀត សម្រាប់បង្កើននូវចំណេះដឹងវិជ្ជាជីវៈសារព័ត៌មាន ក្នុងសម័យទំនើបជីឌីថល ពិសេសរបៀបនៃការសរសេរនូវអត្ថបទព័ត៌មានបែបស៊ើបអង្កេត ឲ្យកាន់តែប្រសើរឡើង ដូចពាក្យស្លោកបានលើកឡើងថា ប្លែក លឿន ទុកចិត្តបាន។
ឯកឧត្តមសង្ឃឹមជឿជាក់ថា ក្រោយវគ្គបណ្ដុះបណ្ដាលនេះ អ្នកសារព័ត៌មានកម្ពុជា នឹងកាន់តែមានសមត្ថភាពក្នុងការសរសេរបែបស៊ើុបអង្កេត និងរាយការណ៍ព័ត៌មាន ពីព្រឹត្តិការណ៍ផ្សេងៗ ឲ្យកាន់តែមានភាពល្អប្រសើរជាងមុន ដែលនឹងអាចឈានទៅបំរើបាននូវប្រយោជន៍ជាសាធារណៈដល់ប្រជាពលរដ្ឋទូទៅ។ សំឡេង៖ « សង្ឃឹមថា នៅពេលសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលបន្ថែមទៀតពាក់ព័ន្ធក្នុងការសរសេរបែបស៊ើបអង្កេតនៅពេលព្រឹត្តិការណ៍ភ្លាមៗ យើងមិនអាចដឹងឬយើងបានប្រភពគ្រប់ជ្រុងជ្រោយយើងបានឆ្លងកាត់វគ្គបំណននេះកុំឲ្យយើងមានការច្រឡំទៀតបញ្ហាទី១យើងមានប្រភពព័ត៌មានដើម្បីសរសេរព័ត៌មានឲ្យបានត្រឹមត្រូវមិនឲ្យប្រឈមមុខផ្លូវច្បាប់ថាយើងពាក់ព័ន្ធជាមួយនឹងបទបរិហារកេរ្តិ៍ចេះតែសរសេរមិនច្បាស់ទៅធ្វើឲ្យខូចឈ្មោះអ្នកដទៃបញ្ហាទី២ទៀតភាន់ច្រឡំការងារសម្ថតកិច្ចរបស់ប៉ូសីសជួនកាលវិធីសរសេរព័ត៌មានបែបស៊ើបអង្កេតព្រំដែនកំណត់អ្នកសរសេរព័ត៌មានដើម្បីយកចំណេះធ្វើជាគ្រូបង្គោលចែករំលែកនៅក្នុងស្ថាប័នរបសខ្លួន»។
សូមបញ្ជាក់ថា៖ នេះគឺជាលើកទី៣ហើយ ដែលក្រុមអ្នកសារព័ត៌មានកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាយ នៅប្រទេសវៀតណាម ក្នុងការសរសេរព័ត៌មាន ហើយវគ្គនេះមានរយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី១៩ ដល់២៣ខែ សីហាឆ្នាំ២០១៩៕