អភិបាលខេត្ដក្រចេះ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ នៅព្រឹកថ្ងៃប្រឡងដំបូង

AKP ក្រចេះ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ -ឯកឧត្ដម  វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញកាត់ស្រោម វិញ្ញាសា ប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិនៅថ្ងៃប្រឡងដំបូង ក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ ។

ឯកឧត្ដមបានធ្វើការណែនាំ និងពន្យល់ដល់សិស្សានុសិស្សដែលបានមកប្រឡងថ្ងៃនេះ ត្រូវយកចិត្តទុកដាក់គោរពវិន័យ និងព្យាយាមធ្វើកិច្ចការឱ្យបានល្អ ហើយឯកឧត្ដម​ក៏បានជូន​ពរដល់ក្មួយៗ ប្អូនៗ ជាបេក្ខជនប្រឡងទាំងអស់ឱ្យបានប្រឡងជាប់គ្រប់ៗគ្នា។ ឯកឧត្ដម​អភិ​បាល​ខេត្តបន្ដទៀតថា ចំពោះទិដ្ឋភាពនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ​ខេត្ត​ក្រចេះឆ្នាំនេះមិនខុសពីឆ្នាំមុនៗប៉ុន្មានទេ គឺការរៀចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគោរពនូវស្មារតី និងគោលនយោបាយរបស់ក្រសួងអប់រំយុវជននិងកីឡា គឺក្នុងគោល បំណងឱ្យយុវជនរបស់យើងមានសមត្ថភាព ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ​ឱ្យ​មានការរីកចម្រើនថែមទៀត។

លោក ឡាយ បូរ៉ា  ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានឱ្យដឹងថា  នៅខេត្ត​ក្រចេះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨-២០១៩ សម័យប្រឡង ថ្ងៃទី១៩- ២០ ខែ សីហា ឆ្នាំ ២០១៨ នេះ មានបេក្ខជនប្រឡងសរុប ២.១៨៤ នាក់ ស្រី ១.១២៧នាក់។ លោកបានបន្ដថា ការប្រឡងនេះ ចែកចេញជា ៤ មណ្ឌល  គឺមណ្ឌលវិទ្យា ល័យព្រះមហាក្សត្រីយានីកុសុមៈ មណ្ឌលវិទ្យាល័យក្រចេះក្រុង  មណ្ឌលវិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ក្រុងក្រចេះខាងកើត និងមណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ខាងលិច ៕

ដោយ ជួន សុជាតិ