រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជាអំពាវឲ្យមហាជនគាំទ្រសេវាកម្មទិញលក់តាមអនឡាញរបស់ក្រុមហ៊ុនE-Commerce ប្រៃសណីយ៍កម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍អំពាវឲ្យមហាជនគាំទ្រសេវាកម្មទិញលក់របស់ក្រុមហ៊ុនE-Commerce ប្រៃសណីយ៍កម្ពុជាដើម្បីទទួលបានភាពទុកចិត្តខ្ពស់ចំណេញពេលវេលា​។

ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្ម E-Commerce ដែលមានឈ្មោះថាTinh Tinh Shop របស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា អ៊ីសូលូសិន នាថ្ងៃទី១៦ខែសីហា ឆ្នាំ២០១៩នេះឯកឧត្តម ត្រាំ អ៊ីតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអបអរសាទរ និងកោតសរសើរ ចំពោះប្រៃសណីយ៍កម្ពុជា និងក្រុមហ៊ុនដៃគូ ដែលបានខិតខំរួមដៃគ្នា បង្កើតឲ្យបានជាក្រុមហ៊ុន Cambodia Post e-Solutions នេះឡើង ហើយកាន់តែជាក់ស្តែងបន្ថែមទៀត គឺក្រុមហ៊ុនបានសម្រេចជោគជ័យ នូវការបង្កើត Web Page ឈ្មោះថា Tinh Tinh Shop នេះឡើង។ ឯកឧត្តម បន្តថា Tinh Tinh Shop នេះជាទម្រង់សេវាដ៏ចាំបាច់ ក្នុងបរិយាកាសសង្គម និងនិន្នការសេដ្ឋកិច្ចពិភពលោក នាពេលបច្ចុប្បន្ន​​។

 

ឯកឧត្តម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកប្រៃសណីយ៍កម្ពុជា បានថ្លែងរំលឹកថា ក្រុមហ៊ុន Cambodia Post e-Solutions ត្រូវបានបង្កើតឡើង ដោយបានការឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមលិខិតចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ដើមទុនដំបូងរបស់ក្រុមហ៊ុននេះ មានប្រមាណជាង ១លានដុល្លារអាមេរិក។

ឯកឧត្តមបន្តថា ក្រុមហ៊ុន Cambodia Post e-Solutions គឺជាក្រុមហ៊ុនដែលបម្រើសេវាកម្ម បញ្ជាទិញតាមអនឡាញ។ អតិថិជនអាចបញ្ជាទិញទំនិញលើ Tinh Ting Shoop និងអាចលក់ទំនិញអនឡាញបាន ទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

លោក ស្រី មាស សាវី ប្រធានក្រុមប្រឹក្សាភិបាលរបស់ ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា អ៊ីសូលូសិន បានថ្លែងថា បន្ទាប់ពីបានសហការជាមួយ ប្រៃសណីយ៍កម្ពុជា Cambodia Post e-Solutions PLC បានបង្កើតនូវ Web Page ឈ្មោះថា Tinh Tinh Online Shop ដែលជាបច្ចេកវិទ្យាទិញទំនិញតាម អានឡាញ ដ៏ធំបំផុតមួយនៅកម្ពុជា ដែលមានទំនិញរាប់ម៉ឺនមុខ ផ្តល់ជូនអ្នកទិញគ្រប់ទម្រង់តូចធំ តាមភាពងាយស្រួល ជឿទុកចិត្ត ចំណេញពេលវេលា ប្រាក់កាស និងរហ័សទាន់ចិត្ត។ ក្រុមហ៊ុននឹងបើកបណ្តាញទូរទាត់ប្រាក់ តាមអ៊ីនធើណេត ជាមួយធនាគារនានា ដើម្បីធានាប្រាក់ចំណូល នឹងត្រូវបានផ្ទេរដោយសុវត្ថិភាពជូនពាណិជ្ជករ៕