ការិយាល័យ Cheong Wa Dae បើកកិច្ចប្រជុំ NSC បន្ទាន់  ស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង  

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ — យោធាកូរ៉េខាងត្បូងបាននិយាយថា នៅថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់មីស៊ីល​ដែល​មិន​ស្គាល់​​អត្តសញ្ញាណ​ចំនួន២គ្រាប់ ចូលទៅក្នុងសមុទ្រខាងកើត ដែលជាការបាញ់​លើក​ទី៦ ក្នុងរយៈពេលប្រហែល ៣សប្តាហ៍កន្លងមកនេះ។

តាមអគ្គសេនាធិការចម្រុះ(JCS) បានឱ្យដឹងថា គ្រាប់មីស៊ីលទាំងនេះត្រូវបានគេបាញ់​ចេញ​ពី​តំបន់ឆ្នេរភាគខាងកើតរបស់ខ្លួននៅតុងឆុន (Tongchon) ក្នុងខេត្តកាងវ៉ុន (Kangwon) នៅ​ព្រឹក​ថ្ងៃដដែលនេះ។ នៅមិនទាន់មានព័ត៌មានលំអិតផ្សេងទៀត ត្រូវបានគេដឹងភ្លាមៗទេ ​រួមមានទាំង ប្រភេទ, ជួរហោះហើរ និងរយៈកម្ពស់អតិបរមារបស់វា។

JCS បាននិយាយនៅក្នុងសេចក្តីសង្ខេបមួយថា យោធារបស់យើងកំពុងតាមដាន​ស្ថាន​ការណ៍ក្នុងករណីមានការបាញ់បង្ហោះបន្ថែមនេះ ខណៈពេលដែលរក្សាឥរិយាបថត្រៀមខ្លួន។

បន្ទាប់ពីការបាញ់នេះ នៅថ្ងៃសុក្រនេះដែរ ការិយាល័យប្រធានាធិបតីរបស់លោកMoon Jae-in បានកោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិគ្រាអាសន្ន(NSC)បន្ទាន់ នៅពេលប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសកូរ៉េ​ខាងជើងបានបាញ់មីស៊ីល ដែលកែមិនស្គាល់អត្តសញ្ញាណចំនួន២ ចូល​ទៅ​ក្នុង​សមុទ្រខាងកើត។

តាមការិយាល័យ Cheong Wa Daeបានឱ្យដឹងថា ប្រធានការិយាល័យសន្តិសុខជាតិ បានចាប់ផ្តើម​បើកកិច្ចប្រជុំនៅម៉ោង៩:០០ព្រឹក ក្រោមអធិបតីភាពលោក Chung Eui-yong ប្រធានការិយា​ល័យ​សន្តិសុខជាតិ ដោយបានបន្ថែមទៀតថា ដោយឡែកលោក មូន​ ក៏ត្រូវ​បាន​ទទួលការ​សង្ខេប​អំពីស្ថានភាពដែលពាក់ព័ន្ធនេះផងដែរ។

យោធានៃប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅព្រឹកថ្ងៃដដែលនេះថា ​នៅក្នុងការបាញ់​បង្ហោះជាបន្តបន្ទាប់ ដោយកាំជ្រួចបាលីស្ទីករបស់កូរ៉េខាងជើង ឬប្រព័ន្ធរ៉ុក្កែតផ្សេងទៀត​ ដែល​គ្រាប់​ផ្លោងទាំងពីរនោះត្រូវបានបាញ់ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។

ឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតរបស់កូរ៉េខាងជើងកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ការិយា​ល័យ Cheong Wa Dae បានបើកកិច្ចប្រជុំបន្ទាន់នៃបណ្តារដ្ឋមន្ត្រីដែលជាប់ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជំនួសឱ្យកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ NSC៕

(ប្រភពYonhap: បកប្រែដោយលោក មាស សំអុល)