ទិវាការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងយុវជនចិន-អាស៊ានធ្វើឡើងនៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩​ — ទិវាការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងអ្នកដឹកនាំវ័យក្មេងអាស៊ាន – ចិន លើកទី៧ បានចាប់ផ្តើមធ្វើឡើងនៅទីក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន។

ទិវានេះត្រូវបានរៀបចំរួមគ្នាដោយសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស សមាគមចិន – អាស៊ាន និងការិយាល័យកិច្ចការបរទេសនៃខេត្តហៃណាន។

ក្នុងព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំវ័យក្មេងប្រមាណ ១០០នាក់មកពីខេត្តហៃណាន និងបណ្តាប្រទេសនៅអាស៊ានចំនួន ៧ប្រទេស រួមមានប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា បានចូលរួមនៅក្នុងសន្និសីទនៃការផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវដំណើរទស្សនកិច្ច ការសម្តែង តន្ត្រី និងការប្រកួតកីឡា។

ទិវានេះត្រូវបានធ្វើឡើងជាលើកទី១ កាលពីឆ្នាំ​២០១៣ នៅទីក្រុងប៉េកាំងប្រទេសចិន ដោយមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំនៅតាមខេត្តផ្សេងៗគ្នានៅទូទាំងប្រទេសចិន។ ទិវានេះបានក្លាយជាវេទិកាគន្លឹះសម្រាប់ថ្នាក់ដឹកនាំវ័យក្មេងមកពីអាស៊ាន និងចិន ដើម្បីធ្វើការផ្លាស់ប្តូរគ្នា៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)