ឧបនាយករដ្ឋមន្រ្តីវៀតណាមសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងអំពើពុករលួយតូចតាច

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩​ — កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតូចតាច ក្នុងអំឡុងពេលដែលលោកកំពុងបំពេញបន្ថែមនូវសំណួររបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

នៅចុងបញ្ចប់នៃវគ្គសំណួរ និងចម្លើយ លោកបាននិយាយថា «ទំនប់វារីអគ្គិសនីដ៏អស្ចារ្យមួយអាចដួលរលំបានដោយសារសត្វកណ្តៀរតូចៗ» ហើយលោកបានសង្កត់ធ្ងន់ទៅលើផលប៉ះពាល់ធ្ងន់ធ្ងរនៃអំពើពុករលួយបន្តិចបន្តួច។

យោងតាមឧបនាយករដ្ឋមន្រ្តីរូបនេះបានឱ្យដឹងថា បញ្ហានេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រមសីលធម៌ការងាររបស់មន្រ្តីរាជការ និងនិយោជិត ដែលបង្កឱ្យមានការខឹងសម្បារក្នុងចំណោមសាធារណជន។

លោកបាននិយាយថា អំពើពុករលួយបន្តិចបន្តួចធ្វើឱ្យខូចទំនុកចិត្តរបស់ប្រជាជន និងសហគ្រាស ក៏ដូចជាការចំណាយក្រៅផ្លូវការសម្រាប់ពួកគេ។

ឧបនាយករដ្ឋមន្រ្តី Hue បានបង្ហាញនូវដំណោះស្រាយចំពោះបញ្ហានេះ ដោយដំបូង គឺត្រូវធ្វើឱ្យល្អឥតខ្ចោះនូវប្រព័ន្ធច្បាប់ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច ធានានូវស្ថិរភាព និងភាពច្បាស់លាស់ដោយមិនត្រួតលើគ្នា។

ដំណោះស្រាយទី២ គឺបទបញ្ញត្តិល្អឥតខ្ចោះលើវិធាន និងនីតិវិធីនៃការទទួលខុសត្រូវសម្រាប់ការងារសាធារណៈ និងក្រមសីលធម៌ការងារ ជាពិសេសការទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំកំពូលខណៈដែលជំរុញឱ្យមាននូវការកែទម្រង់រដ្ឋបាលឆ្ពោះទៅរកតម្លាភាព។

ទី៣ គឺរដ្ឋាភិបាលនឹងពង្រឹងភាពអាស្រ័យរបស់មន្រ្តី និងមន្រ្តីសាធារណៈ តាមរយៈការកែលម្អផែនការបុគ្គលិក ការបណ្តុះបណ្តាល ការតែងតាំង និងការផ្លាស់ប្តូរការងារ។

ទី ៤ គឺត្រូវខិតខំបន្ថែមទៀតក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់របស់សាធារណៈជន និងលើកកម្ពស់ស្មារតីច្បាប់រួមទាំងអ្នកផ្គត់ផ្គង់ និងអ្នកទទួលសេវាសាធារណៈ។

ឧបនាយករដ្ឋមន្រ្តីរូបនេះក៏បានឆ្លើយសំណួរ ស្តីពីការពន្យារពេលក្នុងការធ្វើសេចក្តីព្រាងឯកសារច្បាប់គោលនយោបាយ និងធនធានសម្រាប់កម្មវិធីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលផ្តោតទៅលើតំបន់ជនជាតិភាគតិចតំបន់ភ្នំ និងការវិនិយោគរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅតំបន់ដីសណ្តទន្លេមេគង្គ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)