មន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំងនឹងបើកយុទ្ធនាការជិះកង់ពិនិត្យមើលផ្លូវកៅស៊ូ លេខ ៥៣នៅចុងខែសីហាឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ដោយលោក ម៉ៅ សុខា ខេត្តកំពង់ឆ្នាំង

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នឹងបើកយុទ្ធនាការជិះកង់ពិនិត្យមើលផ្លូវក្រាលកៅស៊ូប្រភេទ DBST លេខ ៥៣ ប្រែវែង ២៧គីឡូម៉ែត្រ ជាផ្លូវរបស់ខេត្តនៅចុងខែសីហា ឆ្នាំ២០១៩នេះ។លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង អោយដឹង ថា ការបើកយុទ្ធនាការជិះកង់នេះមានមន្ត្រីរាជការក្នុងមន្ទីរជាង៥០នាក់និងកង់ជាង៥០គ្រឿង ដោយមកជួបជុំគ្នានៅមន្ទីរស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ហើយចាប់ផ្តើមជិះកង់ចេញដំណើរពិនិត្យមើលកំណាត់ផ្លូវជាតិប្រវែង ២៧គីឡូម៉ែត្រ រហូតដល់ផ្សាររមាស ក្នុងស្រុកទឹកផុស ដើម្បីអោយដឹងថាផ្លូវនេះមានប្រេះស្រការនាគ មានជង្ហុកដែរឬទេ ដើម្បី មន្ទីរមានវិធានការជួសជុលជាបន្ទាន់កុំអោយខូចខាតកាន់តែធ្ងន់ ធ្ងរ។
លោក ប្រធានមន្ទីរ បន្តទៀតថាការបើកយុទ្ធនាការជិះកង់មើលផ្លូវជាតិជាក់ស្តែងនេះគឺ អនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ សំរាប់ខេត្តកំពង់ឆ្នាំង មន្ទីររៀបចំកម្មវិធី ជិះកង់ពិនិត្យមើលផ្លូវនេះក្នុងមួយខែ មួយលើកនៅក្នុងសប្តាហ៍ទីពីរនៃខែនីមួយៗដើម្បីពិនិត្យអោយបានឃើញជាក់ស្តែងកន្លែងណាដែលខូចខាតនៅគ្រប់ផ្លូវជាតិដែលមាននៅក្នុងខេត្ត។
លោកយង់ សៅវុឌ្ល្យី អភិបាលស្រុករលាប្អៀរ បានសំដែងការសាទរយ៉ាងខ្លាំងចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ លោកអភិបាលស្រុកបន្តថាចំណាត់ការនេះល្អណាស់គឺមិនធ្វើអោយមន្រ្តីយើងជាមន្ត្រីជើងដប់នោះទេ ពោលគឺជាមន្ត្រីចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីកន្លែងតាមមូលដ្ឋាន ងាយស្រួលមានវិធានការចាត់តាំងអនុវត្តនិងត្រួតពិនិត្យការងារនេះបានចំទិសដៅនិងមានប្រសិទ្ធិភាព៕