សម្តេចតេជោ ហ៊ុន សែផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

វិទ្យុជាតិកម្ពុជា៖


ប្រមុខរាជរដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩បានអោយដឹងថាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទទាំងអស់ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន៥ម៉ឺនរៀល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣។
សូមជម្រាបថា ដូចជារៀងរាល់ឆ្នាំ ឲ្យតែដល់ខែបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាតែង តែគិតគូរផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន៥ម៉ឺនរៀល ដែលឧបត្ថម្ភមួយលើកៗ ចំណាយប្រហែល៧លានដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន សម្រេចដាក់ចេញនូវគោលការណ៍ ដំឡើងប្រាក់បៀវត្ស២លើកក្នុង១ឆ្នាំ គឺការដំឡើងប្រាក់បៀវត្សលើកទី១ នៅខែមករា ដែលជាការដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន និងការដំឡើងលើកទី២ នៅខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ គឺ ដើម្បីលើកស្ទួយជីវភាពរបស់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ៕