កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្ដពង្រឹងលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើឡើងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត​ ចន្ធូ​៖

កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្ដពង្រឹងលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពល្អប្រសើឡើងបន្ថែមទៀត ដើម្បីជំរុញឲ្យកំណើនសេដ្ឋកិច្ចនៅកម្ពុជាកាន់តែមានភាពរីកចម្រើន ពិសេសកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបជំរាបលាជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយ ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាទើបចប់អាណត្តិ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ឯកឧត្តម កេត សោផាន់ អ្នកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាទើបចប់អាណត្តិ បានលើកឡើងថា នៅក្នុងអាណត្តិរបស់ឯកឧត្តម បានកត់សម្គាល់ឃើញថា កម្ពុជាមានការ អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។ឯកឧត្តម បានអះអាងទៀតថា ជប៉ុនបន្ដគាំទ្រដំណើរប្រជាធិបតេយ្យនៅកម្ពុជា និងថ្លែងអំណរគុណដល់កម្ពុជាតែងតែគាំទ្រដល់ជប៉ុននៅលើឆាកអន្ដរជាតិជាច្រើនកន្លងមក។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បានមានប្រសាសន៍ចូលរួមអបអរសាទរនៅការបញ្ចប់បេសកម្មអាណត្តិការទូតរបស់ ឯកឧត្តម ប្រកបទៅដោយភាពជោគជ័យ ដែលបានពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះក៏មានឯកសារសហប្រតិបត្តិការជាច្រើនត្រូវបានចុះហត្ថលេខា ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។
ឯកឧត្តម កេត សោផាន់ អោយដឹងទៀតថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់សុខុនបានបានលើកថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ ២០១៧ មានទំហំទឹកប្រាក់ជាង ១០០០លាន ដុល្លារអាមេរិក ដោយមានការកើនឡើងជាង ២០០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៨ និងឈានដល់ជិត ៣០០០លានដុល្លារអាមេរិកនៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។
សំឡេង៖ ឈ្លាតនៅក្នុងឱកាសនេះ ឯកឧត្តម នាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋា និងប្រជាជនជប៉ុន ដែលបានរួមចំណែក ផ្តល់ជំនួយនិងគាំទ្រដល់ការវិវឌ្ឍសេដ្ឋកិច្ចនិង សង្គមដល់កម្ពុជា ដែលរួចចំណែកដល់កម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ %។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រងសម្រេចព្រះរាជហរទ័យនឹងយាង ចូលរួមព្រះរាជពិធីគ្រងរាជរបស់ព្រះចៅអធិរាជជប៉ុន នៅក្នុងខែតុលា ឆ្នាំនេះ។
សូមបញ្ចាក់ថា ផលិតផលដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនរួមមាន សំលៀកបំពាក់ ស្បែកជើង គ្រឿងសំអាង គ្រឿងសង្ហារឹម និងសំភារៈការរិយាល័យជាដើម ដោយឡែកសំរាប់ជប៉ុនវិញបាននាំចូលមកកម្ពុជាមានដូចជា គ្រឿងម៉ាស៊ីន គ្រឿងចក្រ គ្រឿងអគ្គីសនី និងក្រណាត់គ្រប់ប្រភេទ។